(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចនឹងប្រកាសចេញនូវគោលនយោបាយមួយ ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្លើយតបនឹងសំណើរបស់សមាគមអលនទ្រព្យ ដែលបានស្នើមករាជរដ្ឋាភិបាល។
សម្តេចធិបតីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «អំបាញ់មិញជជែកជាមួយឯកឧត្តម សាយ សំអាល់ អំពីសំណើរបស់សមាគមអលនទ្រព្យរឿងមួយនោះ ថ្ងៃទី១៣ ខែវិច្ឆិកាខ្ញុំនឹងប្រកាស។ តាមពិតមានគោលនយោបាយមួយ ដែលយើងចំហរ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង អីចឹងយើងនឹងផ្សព្វផ្សាយឱ្យប្រើ ដើម្បីផលប្រយោជន៍ទាំងអស់»។
សូមជម្រាបថា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំ «ពិភាក្សាអំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា» ត្រូវបានរៀបចំឡើង នៅក្រសួងរៀបចំដែនដី ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំបន្ទាន់មួយ។
ក្រៅតែពីពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា ហើយនោះក៏មានការពិភាក្សា លើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់៕