(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ នៅលើ បណ្ដាញសង្គមថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣ ។
សម្ដេចធិបតី បានលើកឡើងថា បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣ អង្កររបស់កម្ពុជា បានដឹកទៅដល់កំពង់ផែឥណ្ឌូនេស៊ីហើយ ដោយមានរៀបចំពិធីបើកកុងតឺន័រ បានរៀបចំធ្វើជាផ្លូវការ។
សម្ដេចថា នេះជាលទ្ធផល នៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ៕