ព្រំដែនភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងជោរជន់ដោយចំនួនមនុស្សរាប់ពាន់នាក់ ដែលរកឆ្លងដែនទៅកាន់ប្រទេសអាហ្គានីស្ថាន ពោលគឺ នៅមួយថ្ងៃបន្ទាប់ពីថ្ងៃផុតឱសានវាទរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដែលកំណត់ឲ្យជនបរទេសគ្មានឯកសារស្របច្បាប់ត្រូវចាកចេញពីប្រទេស បើមិនដូច្នេះ នឹងប្រឈមនឹងការចាប់បណ្ដេញចេញ។
អាជ្ញាធរប៉ាគីស្ថានបានចាប់ផ្តើមប្រមូលជនបរទេស ដែលគ្មានឯកសារ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន នៅប៉ុន្មានម៉ោងមុនថ្ងៃកំណត់ឱសានវាទ។ ប្រជាជនអាហ្វហ្គានីស្ថានជាងមួយលាននាក់អាចត្រូវចាកចេញពីប៉ាគីស្ថាន ឬប្រឈមមុខនឹងការចាប់ខ្លួន និងការបណ្តេញចេញ ដែលវាជាលទ្ធផលនៃការណែនាំ ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសឡើងកាលពីមួយខែមុន។
រដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានបានចូលរួមក្នុងការវាយប្រហារដោយសកម្មប្រយុទ្ធ និងឧក្រិដ្ឋកម្មនៅក្នុងប្រទេស។ រដ្ឋាភិបាលប៉ាគីស្ថាន ក៏បានច្រានចោលការអំពាវនាវពីអង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងស្ថានទូតលោកខាងលិច ដែលបានឲ្យខ្លួនពិចារណាឡើងវិញនូវផែនការបណ្តេញចេញនេះផងដែរ។
ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី០១ ខែវិច្ឆិកា មានជនជាតិអាហ្គានីស្ថាន ២៤.០០០ នាក់ បានឆ្លងដែនចូលទៅកាន់ប្រទេសអាហ្គានីស្ថាន តាមរយៈច្រកព្រំដែន Torkham។
យ៉ាងណាហោចណាស់ តាមសេចក្ដីរាយការណ៍ មានជនជាតិអាហ្គានីស្ថានប្រហែល ៤លាននាក់កំពុងរស់នៅប្រទេសប៉ាគីស្ថាន ហើយរដ្ឋាភិបាលប៉ាន់ប្រមាណថា មានប្រមាណ១,៧លាននាក់ គឺគ្មានឯកសារស្របច្បាប់៕