កងទ័ព និងរថក្រោះរបស់ប្រទេសអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ខ្ពង់រាបហ្គោឡង់ (Golan Heights) គ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែវិច្ឆិកា។
តំបន់ខ្ពង់រាបនេះ គឺជាផ្នែករបស់ប្រទេសស៊ីរី រហូតដល់ឆ្នាំ១៩៦៧ នៅពេលនោះប្រទេសអ៊ីស្រាអែល បានដណ្តើមយកភាគច្រើននៅតំបន់នេះក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ ដែលបានចូលកាន់កាប់ និងភ្ជាប់ឧបសម្ព័ន្ធនៅក្នុងឆ្នាំ១៩៨១។
ការភ្ជាប់ឧបសម្ព័ន្ធជាឯកតោភាគីនោះ ពុំត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ ហើយប្រទេសស៊ីរីបានទាមទារទឹកដីនេះត្រឡប់មកវិញ។
រដ្ឋាភិបាលអ៊ីស្រាអែល និយាយថាខ្លួនមានការព្រួយបារម្ភថាប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad កំពុងព្យាយាមបង្កើតខ្លួនឯងជាអចិន្ត្រៃយ៍នៅខាងផ្នែកព្រំដែនប្រទេសស៊ីរី ដើម្បីបើកការវាយលុកមកលើប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃព្រហស្បតិ៍ រថក្រោះនិងកាំភ្លើងធំរបស់អ៊ីស្រអែល បានបាញ់ផ្លោងទៅលើ តំបន់ហ៊ុមព័ទ្ធហ្កាហ្សា ខណៈកងកម្លាំងអ៊ីស្រាអែល បានបន្តការវាយលុករបស់ពួកគេទៅលើក្រុមហាម៉ាស់។
អាជ្ញាធរសុខាភិបាល តំបន់ហ្កាហ្សា នៅក្នុងតំបន់ហ៊ុមព័ទ្ធគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថាមនុស្សយ៉ាងហោចណាស់ ៩.០៦១នាក់ រួមមានទាំងកុមារ៣.៧៦០នាក់ និងស្ត្រី២.៣២៦ នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា៕