ធនាគារកណ្តាលអាម៉េរិក បានសម្រេចរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ខណៈទេសាភិបាលធនាគារនេះបានលើកឡើងថា អាម៉េរិកអាចនឹងបញ្ចប់យុទ្ធនាការរឹតបន្តឹងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេស។ បើទោះបីសេដ្ឋកិច្ចអាម៉េរិកហាក់វិលមករកភាពល្អប្រសើរឡើងវិញក៏ដោយ តែធនាគារកណ្តាលប្រទេសនេះបានរក្សាអត្រាការប្រាក់ឱ្យស្ថិតក្នុងកម្រិតខ្ពស់ដដែល ពោលគឺចម្លោះពី៥,២៥%ទៅ៥,៥០%។
ធនាគារកណ្តាលអាម៉េរិក បានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅថេរកាលពីថ្ងៃពុធ ខណៈដែលអ្នកបង្កើតគោលនយោបាយកំពុងខិតខំ ដើម្បីកំណត់ថា តើស្ថានភាពហិរញ្ញវត្ថុនៅពេលនេះអាចមានភាពតឹងរ៉ឹងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងអតិផរណា ឬថាតើសេដ្ឋកិច្ចដែលកំពុងបន្តដំណើរការលើសពីការរំពឹងទុក អាចនឹងត្រូវការការអត់ធ្មត់បន្ថែមទៀតឫយ៉ាងណា។ នេះបើតាមសារព័ត៌មានធំៗបានរាយការណ៍។
លោក ជេរ៉ូម ផូវែល ( Jerome Powell) ទេសាភិបាលធនាគារកណ្តាលអាម៉េរិក បាននិយាយថា ស្ថានភាពអតិផរណានៅតែជាបញ្ហាមួយ ដោយមន្ត្រីធនាគារកណ្តាលអាម៉េរិក មានឆន្ទៈក្នុងការកែសម្រួលអត្រាការប្រាក់ម្តងទៀត ប្រសិនបើមានការរីកចម្រើនលើការគ្រប់គ្រងអតិផរណា។ថ្នាក់ដឹកនាំរូបនេះបានថ្លែងដោយប្រយ័ត្នប្រយែងថា ការកើនឡើង នៃអត្រាការប្រាក់ផ្អែកលើទីផ្សារអាចចាប់ផ្តើមថ្លឹងថ្លែងលើសេដ្ឋកិច្ច ហើយការព្យាយាមមិនឱ្យរំខាន លើសពីការចាំបាច់ គឺបានបង្ហាញពីកម្លាំងនៃស្ថិរភាពការងារ និងកំណើនប្រាក់ឈ្នួលនៅក្នុងទីផ្សារការងារអាម៉េរិក។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអំពីគោលនយោបាយរយៈពេលពីរថ្ងៃ លោក ផូវែល បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅពេលនេះដំណើរការល្អប្រសើរ ប៉ុន្តែ វានៅតែមានចំណុចមន្ទិលមិនច្បាស់លាស់នៅក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងការកំណត់អត្រាការប្រាក់គោលរបស់ធនាគារកណ្តាល រហូតដល់មានការសម្រេចចិត្តរក្សាដដែល គឺចន្លោះពី ៥,២៥%ទៅ៥,៥០%។
លោកអះអាងថា ធនាគាកណ្តាលអាម៉េរិកនឹងបន្តតាមដានស្ថានភាពនៃការប្រែប្រួលទីផ្សារការងារ និងតម្លៃ ដែលជាទិន្នន័យដ៏សំខាន់សម្រាប់ជាមូលដ្ឋាននៃការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកម្រិតគោលនយោបាយនៅខែធ្នូ ខាងមុខនេះ។ គិតមកទល់ពេលនេះធនាគារកណ្តាល និងសេដ្ឋវិទូអាម៉េរិក បានប្រកាន់យកចំណាត់ការរឹតបន្តឹងលើគោលនយោបាយហិញ្ញវត្ថុជាង២០ខែមកហើយ។
មេធនាគារកណ្តាលអាមេរិករូបនេះអះអាងថា ដើម្បីគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិត២ ភាគរយ ដែលជាគោលដៅកំណត់ អ្នកគោលនយោបាយខ្លះនៅតែមិនទាន់ហ៊ានសន្និដ្ឋានច្បាស់លាស់ទេថា តើលក្ខខណ្ឌហិរញ្ញវត្ថុទាំងមូលបានរឹតបន្តឹងគ្រប់គ្រាន់ហើយឬនៅ ដើម្បីទប់ទល់នឹងគោលដៅអតិផរណានេះ។
តែយ៉ាងណាមកដល់ពេលនេះ ស្ថានភាពអតិផរណានៅអាម៉េរិក បានថមថយ និងកំពុងតែប្រសើរឡើងវិញ ប៉ុន្តែអតិផរណានៅអាម៉េរិក នៅតែស្ថិតនៅក្នុងរង្វង់៣,៤%នៅឡើយកាលពីខែកញ្ញា កន្លងទៅ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) បាននិយាយ កាលពីពេលថ្មីៗថា ទិន្នន័យកំណើនក្នុងត្រីមាសទីបីបង្ហាញថា សេដ្ឋកិច្ចអាម៉េរិកកំពុងដំណើរការយ៉ាងល្អ ហើយកម្រិតនៃអតិផរណា ក៏ហាក់មានសភាពធ្លាក់ចុះផងដែរ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា សេដ្ឋកិច្ចអាម៉េរិកបានកើនឡើងក្នុងអត្រាជិត៥%នៅត្រីមាសទីបីឆ្នាំនេះ ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេលជិតពីរឆ្នាំ៕