ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសានព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។
ចំណែកនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្តជាប់នឹងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%៕