(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់របស់កម្ពុជាផងដែរ ជាពិសេសបានជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
យោងតាមលិខិតអបអរសាទររបស់សម្តេចធិបតីជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីបាន ចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា។
សម្ដេចមានប្រសាសន៍ថាក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំកន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយ ភាពសប្បាយរីករាយ ដូច្នេះផ្លូវល្បឿនលឿននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាព នៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅមករវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្ដែវាពិតជាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
សម្ដេចបញ្ជាក់ថា បើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃការតភ្ជាប់ផ្លូវល្បឿនលឿននេះគឺជាខ្សែផ្លូវដែលតភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្ដាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការ ដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ៕