ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំ២០២៣នេះ ទណ្ឌិតជាង ៩០០នាក់ ដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារទូទាំងប្រទេស គ្រោងស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។
យោងតាមឆាណែលតេលេក្រាមរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
ការជួបប្រជុំនេះ បន្ទាប់ពីគណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្តពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងពីគណៈកម្មការក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រែទាំង០៤ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន៩០២នាក់ស្រី ៦១ នាក់។
តាមប្រភពឆាណែលតេលេក្រាមដដែលនេះ បានឲ្យដឹងទៀតថា ពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា បញ្ជីទណ្ឌិតចំនួន ៤៦៤នាក់ ស្រី ៣៤នាក់ ក្នុងនោះ ស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៣២នាក់ ស្រី ២៩នាក់ និងស្នើសុំលើកលែងទោសចំនួន៣២ នាក់ ស្រី ០៥នាក់ ។
ដោយឡែកសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ ស្រី ២៧ នាក់ ក្នុងនោះស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ស្រី ២៦ នាក់ ខណៈស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ស្រី ០១ នាក់៕