Alynana Media Cambodia
Icon Collap
clinic narit

ចំនួនអ្នកដំណើរនិងជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអាចទទួលបានភ្ញៀវរហូតដល់៣២០០នាក់ក្នុងមួយថ្ងៃ

Media LNN | Nov 06, 2023
ចំនួនអ្នកដំណើរនិងជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអាចទទួលបានភ្ញៀវរហូតដល់៣២០០នាក់ក្នុងមួយថ្ងៃ
Clinic narith

(ភ្នំពេញ)៖ ចំនួនអ្នកដំណើរនិងជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនឡើងជាបន្តបន្ទាប់ ហើយនៅរដូវរងាដែលបាននឹងកំពុងចាប់ផ្តើមពីចុងខែតុលា ដល់ខែមីនាខាងមុខនេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរអាចកើនដល់៣២០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី០៦វិច្ឆិកានេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា នៅរងា (Winter 2023) ពោលគឺចាប់ចុងខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរនឹងកើនឡើងដល់ ៤២ជើងក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនអាកាសចរណ៍នឹងកើនឡើងចន្លោះពី ៩ទៅ១០ក្រុមហ៊ុន ខណៈអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏បានកើនឡើងជាមធ្យមចន្លោះពី២៦០០នាក់ក្នុងមួយថ្ងៃ ទៅ ៣២០០នាក់ក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា ជើងហើរហោះទាំងនេះ ភាគច្រើនមកពីតំបន់អាស៊ាន និងចិន ហើយចំនួនជើងហោះហើរត្រឡប់មកវិញ ឃើញថាមានកំណើនមធ្យម។ ចំពោះអ្នកដំណើរ គឺមានចម្រុះជាតិសាសន៍ ក្នុងនោះ អាស៊ាន៧៥% និងអឺរ៉ុប ២៥%។

អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ហោះហើរ ចេញ និងចូលនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេសចំនួន៦ និងក្រុមហ៊ុនក្នុងស្រុកចំនួន១។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការទទួលជើងហើរហោះជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។ ជាមួយគ្នានេះ អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕