មេដឹកនាំអ៊ីស្រាអែលថា បើសិនមិនដោះលែងចំណាប់ខ្មាំងទេ នឹងមិនមានបទឈប់បាញ់ឡើយ ខណៈដែលមេដឹកនាំតួកគីបាននិយាយថា តួកគីត្រូវតែជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីនពីភាពព្រៃផ្សៃរបស់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាដោយលោកបានបញ្ជាក់ថា បើចង់ឱ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់គឺត្រូវដោះលែងជាមុនសិននូវចំណាប់ខ្មាំងជាង២៤០នាក់ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានចាប់ខ្លួនក្នុងពេលវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។
លោកបានបន្ថែមថាបើមិនដូច្នេះទេកងទ័ពអ៊ីស្រាអែលនឹងបន្តវាយប្រហាររហូតទាល់តែយកឈ្នះលើក្រុមហាម៉ាសព្រោះអ៊ីស្រាអែលគ្មានជម្រើសនោះទេ។ ទន្ទឹមនេះដែរប្រធានាធិបតីតួកគីលោក តាយីប អឺដូហ្កេន បាននិយាយពីថ្ងៃអាទិត្យថា វាជាទំនួលខុសត្រូវរបស់តួកគីក្នុងការជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីនចេញពី«អំពើឃោរឃៅ»របស់អ៊ីស្រាអែល ហើយតួកគីនឹងធ្វើឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃនេះ។
លោក អឺដូហ្កេន បាននិយាយនៅក្នុងខេត្តមួយនៅប្រទេសតួកគីថា តួកគីកំពុងប្រឹងប្រែងដោះស្រាយវិបត្តិនៅហ្កាហ្សាយ៉ាងខ្លាំងបំផុត ហើយថាតួកគីនឹងមិនទុកពលរដ្ឋប៉ាឡេស្ទីនឱ្យប្រយុទ្ធតែម្នាក់ឯងនៅក្នុងសង្គ្រាមនេះទេ។
ការបញ្ជាក់របស់លោក អឺដូហ្កេន នេះបានធ្វើឡើងភ្លាមៗនៅមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនខិន ទៅកាន់ប្រទេសតួកគីដើម្បីពិភាក្សាពីសង្គ្រាមនៅតំបន់ហ្គាហ្សាជាមួយរដ្ឋមន្ត្រីការបរទេសតួកគីគឺលោក ហាកាន ហ្វ៊ីដាន៕