សៀមរាប៖ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់វុត្ថា បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរកំណើនជើងហោះហើរ កើនដល់ ៤២ជើងក្នុងមួយថ្ងៃ ខណៈភ្ញៀវជាមធ្យម កើនពីចន្លោះ ២ទៅ ៣ពាន់នាក់ក្នុងមួយថ្ងៃ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាចំនួនជើងហោះហើរនឹងកើនដល់ ៤២ជើងក្នុងមួយថ្ងៃ (ទ្វេទិស) ដោយភ្ញៀវជាមធ្យម កើនពីចន្លោះ ២ ៦០០ ទៅ ៣ ២០០នាក់ក្នុងមួយថ្ងៃ។
លោក ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងទៀតថា ភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន ដោយមានភ្ញៀវចម្រុះជាតិសាសន៍ ក្នុងនោះអាស៊ាន ៧៥ភាគរយ និងអឺរ៉ុប ២៥ភាគរយ ខណៈការត្រឡប់មកវិញ ឃើញថាមានកំណើនមធ្យម។
ជាមួយគ្នានេះ លោកបានបន្ថែមឱ្យដឹងថា បច្ចុប្បន្នមានចំនួន ៧ក្រុមហ៊ុន កំពុងដំណើរការហោះហើរ ដោយលោករំពឹងថានឹងមានកើនឡើងដល់ ៩ ទៅ ១០ក្រុមហ៊ុននៅ ក្នុងរដូវកាល (Winter 2023) នេះ គឺនៅសប្តាហ៏បន្តបន្ទាប់ខាងមុខ។
គួរឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ឱ្យដំណើរការជាផ្លូវការ រយៈពេល ២០ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋានសៀមរាបអង្គរ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4E ដែលមានផ្លូវរត់ប្រមាណ ៣ ៦០០ម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទ (Code E) ធ្វើប្រតិបត្តិការបាន។ «អាកាសយានដ្ឋានអន្តរជាតិថ្មី» នេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទំហំ ២០០ហិកតា ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និង ៥០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប៕