(ភ្នំពេញ)៖ ឆ្នាំនេះ មៀនប៉ៃលិន ទទួលបានតម្លៃខ្ពស់ តែទិន្នផលហាក់ថយចុះបន្តិច ដោយសារជួបគ្រោះរាំងស្ងួតរយៈពេលវែង ខណៈតំបន់ខ្លះមិនមានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់។ ចន្លោះខែកក្កដា ដល់ធ្នូ មៀនប៉ៃលិន មានតម្លៃ៣៦០០រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានតម្លៃ៣៣០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន លោក សារ ចំរើន បានលើកឡើងថា ឆ្នាំនេះទិន្នផលមៀនប៉ៃលិនមួយចំនួនតូច បានរងការខូចខាតដោយសារគ្រោះរាំងស្ងួតរយៈពេលវែង។ ស្របពេល ចម្ការខ្លះ គ្មានប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ដែលធ្វើឱ្យការបញ្ចូលអកម៉ូន (Hormone) ជំរុញផ្លែផ្កា បរាជ័យ។
លោក ប្រាប់ថា៖ ឆ្នាំនេះមៀនប៉ៃលិន មានការខូចខាតខ្លះ ដោយសារតែចម្ការបងប្អូនកសិករយើងមួយចំនួនខ្វះទឹកស្រោចស្រព ដោយឆ្នាំនេះរាំងយូរពេក។ ការណ៍ដែលអត់ទឹកនេះ បានធ្វើឱ្យការដាក់អកម៉ូនជំរុញផ្លែផ្កា របស់កសិករយើងនៅតំបន់ខ្លះ អត់បានផល។
ទោះបីប្រឈមនឹងវិបត្តិអាកាសធាតុ ប៉ុន្តែ កសិករនៅតែសប្បាយរីករាយក្នុងការប្រមូលផល ដោយគ្មានការព្រួយបារម្ភ ព្រោះថា ឆ្នាំនេះទីផ្សារចិនបើកទូលាយ រីឯ តម្លៃបានខ្ពស់ថែមទៀត។ ចាប់ពីកក្ដដា ដល់ធ្នូ ក្រុមចិន បានដាក់តម្លៃមៀនប៉ៃលិន ៣៦០០រៀល ក្នុងមួយគីឡូក្រាម។ ខែមករា ដល់កុម្ភៈ មានតម្លៃ ៤០០០រៀល និងចាប់ពីខែ មីនា តទៅមានតម្លៃ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម។
លោក សារ ចំរើន យល់ថា នាពេលបច្ចុប្បន្ន តម្លៃលែងជាបញ្ហាចោទសម្រាប់កសិករទៀតហើយ។ ផ្ទុយទៅវិញ ពួកគេគួរត្រូវបន្តពង្រឹងការដាំដុះឱ្យល្អ និងត្រូវស្ដង់ដារ ស្របតាមលក្ខខណ្ឌតម្រូវរបស់ចិន។
លោក បន្ថែមដូច្នេះថា៖« ខ្ញុំគិតថាតម្លៃមៀនប៉ៃលិន មិនអាចដើរថយក្រោយទេ គឺវាមានតែទៅមុខរហូត។ គ្រាន់តែកសិករយើង ត្រូវតែពង្រឹងការដាំដុះឱ្យល្អ និងត្រូវស្ដង់ដាររបស់គេទៅបានហើយ ព្រោះធម្មតា មុននឹងទិញរបស់យើង ភាគីទាំងពីរ (កម្ពុជា-ចិន ) បានព្រមព្រៀងលើលក្ខខណ្ឌតម្រូវតម្រូវរួចអស់ហើយ»។
លោក ផែម វ៉ារី កសិករដាំមៀនប៉ៃលិន ប្រមាណ៤០០ដើម នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានលើកឡើងដូចទៅនឹងលោក សារ ចំរើន ដែរថា ឆ្នាំនេះ តម្លៃមៀនប៉ៃលិន ហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ។ ជាក់ស្ដែងត្រឹមខែវិច្ឆិកានេះ នៅតំបន់របស់ លោក អាចលក់បានតម្លៃ៤០០០ ទៅ៤៥០០រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងពេលដូចគ្នាឆ្នាំ២០២២ មានតម្លៃប្រមាណ៣០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
តម្លៃនេះ អាចឱ្យលោក និងកសិករ ផ្សេងទៀតចំណេញបាន ដ្បិតថា ឆ្នាំនេះជួបគ្រោះរាំងស្ងួតរយៈពេលវែងក៏ដោយ។ បញ្ហាអាកាសធាតុ មិនបានបំផ្លាញដាំមៀនប៉ៃលិនរបស់លោក វ៉ារី ទេ ប៉ុន្តែ មានកសិករមួយចំនួនដែលនៅជុំវិញតំបន់លោក បានរងផលប៉ះពាល់ខ្លះ ដោយសារខ្វះប្រព័ន្ធទឹកស្រោចស្រព។
មៀនប៉ៃលិនមួយចំនួនធំ ត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ហើយមួយចំណែកត្រូវចាក់បញ្ចូលទីផ្សារក្នុងស្រុក។ ការចូលមកទិញរបស់ក្រុមចិននៅពេលនេះ បានផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ក្នុងការធានាបាននូវតម្លៃល្អ និងទីផ្សារធំទូលាយ។
លោក ផែម វ៉ារី ប្រាប់ដូច្នេះថា៖« បានតម្លៃបែបៗនេះ ពួកយើងសប្បាយចិត្ត និងមានកម្លាំងចិត្តធ្វើបន្តទៀត ព្រោះអី វាអាចចំណេញបានមកវិញខ្លះ។ កន្លងទៅ យើងលក់ចូលឈ្មួញកន្លែង ដូច្នេះ ត្រូវគេទម្លាក់តម្លៃញឹកញាប់ តែឥឡូវអត់ទេ គឺធ្វើតាមរយៈសហគមន៍ ហើយនាំចេញទៅចិនដោយផ្ទាល់»។
មួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់ សម្រាប់នាំចេញផ្លែមៀនស្រស់ទៅចិនបាន ៩៧ក្រុមហ៊ុន-ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ចំនួន១២ ដោយបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC)។
ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់តុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅចិន សរុប១៤ ៣៤៥,៧៤តោន ។ ក្នុងនោះ មានចំនួន ២ ៩៤២,៥១តោន ឆ្នាំ២០២២ និង ១១ ៤០៣,២៣តោន នៅឆ្នាំ២០២៣។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស ផងដែរ៕