(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់។ ក្នុងនោះមានកម្មការិនី មានផ្ទៃពោះចំនួន៤៨២នាក់។ កិច្ចសំណេះសំណាលធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរចុះជួបកម្មករ និយោជិតនឿយកាយ តែមិននឿយចិត្តទេ ហើយបើមិនបានចុះជួបកម្មករ និយោជិតទេ អាចកើតស្ត្រេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាំងពីក្លាយជានាយករដ្ឋមន្ត្រី ស្គាល់តែបន្ទប់គេង ការិយាល័យធ្វើការ ឯកសារ និងទៅធ្វើការ។ ដោយឡែកកម្មវិធីផ្សេងគេលែងហៅហើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មករ និយោជិត ប្រៀបដូចជាថ្ម (ថាមពល)សម្រាប់សេដ្ឋកិច្ចជាតិ។ កម្មការ និយោជិត មានសមត្ថភាពកាន់តែខ្លាំង នោះកម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំងផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោតជាង ៨៦ភាគរយ ដែលគាំទ្របក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រះសីហនុ បង្ហាញការជឿជាក់របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ចំណូលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករ និយោជិត តែប្រាក់ចំណូលនេះបើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទសវត្សរ៍៨០ និង៩០ កម្ពុជានាំពីក្រៅគ្រប់បែបយ៉ាងសម្រាប់ការហូបចុក និងប្រើប្រាស់ តែបច្ចុប្បន្នកម្ពុជាអាចផលិតសម្រាប់ហូប និងប្រើប្រាស់ខ្លួនឯង ហើយបានលក់ចេញទៅក្រៅប្រទេសថែមទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នចែកបាន ២លានក្បាលដី សល់ប្រមាណ ៥លានក្បាលដី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា ពេលសម្តេចចាប់ផ្ទៃបាន៧ខែ ត្រូវជាប់គុកជាមួយម្តាយ។ នៅពេលកើតហើយមានជំងឺម្តងក្តៅខ្លួនខ្លាំង រហូតពេទ្យណែនាំឱ្យម្តាយត្រៀមចិត្ត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធម្មជាតិខេត្តព្រះសីហនុល្អណាស់ ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការកែច្នៃ ដើម្បីបានជាប្រយោជន៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវទាមទារចាំបាច់នូវសុខសន្ត្តិភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមានសង្គ្រាម គ្មានឱកាសកែប្រែធម្មជាតិ ទៅជាសក្តានុពលនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីច្នៃពេជ្រឱ្យមានតម្លៃ ក្រៅតែពីកត្តាសុខសន្តិភាពហើយនោះ ទាមទារឱ្យមានគោលនយោបាយច្បាស់លាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅបំពាក់ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល ដែលពេលនេះក្រុមហ៊ុនបន្តពន្យារពេល មិនយកថ្លៃសម្រាប់ការចុះឈ្មោះយកកាត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្លូវដែកអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែនៅខេត្តជាប់សមុទ្រ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខខេត្តព្រះសីហនុ ត្រូវតែពង្រឹង ដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទាក់ទាញទេសចរណ៍ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវនាំសេដ្ឋកិច្ចឱ្យជាតិច្រើនណាស់ ជាពិសេសខេត្តជាប់ខេត្តព្រះសីហនុ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ មានសក្តានុពលធំណាស់ សម្រាប់ជាតិកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា ៥ ទៅ១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពេលសម្តេចកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន មានមតិមហាជនមួយចំនួនបានសួរនាំអំពីភាពយន្តចិនមួយ ដែលនិយាយពីស្ថានភាពមិនល្អនៅស្រុកខ្មែរ ជាពិសេសខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានអ្នកវិនិយោគទុនរបស់ចិន ដែលកំពុងរកស៊ីនៅកម្ពុជា បានថ្លែងបកស្រាយថានៅទីនោះ (កម្ពុជា) មិនដូចក្នុងរឿងភាពយន្តនោះទេ មានស្ថានភាព និងសន្តិសុខល្អណាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគទុនរបស់ចិន ដែលបានជួយពន្យល់ និងបកស្រាយយ៉ាងល្អចំពោះមតិមហាជនលើកឡើងពាក់ព័ន្ធ រឿងភាពយន្តចិន (No more Bet) និងសូមអរគុណចំពោះការវិនិយោគទុននៅកម្ពុជា សូមបន្តមកវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៩៖៤៣នាទីនាព្រឹកថ្ងៃដដែល៕