Alynana Media Cambodia
Icon Collap
clinic narit

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញរបស់កម្ពុជា

Media LNN | Nov 07, 2023
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញរបស់កម្ពុជា
Clinic narith

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញរបស់កម្ពុជា ខណៈកំពង់ផែទឹកជ្រៅជំហាន១ នឹងចាប់ផ្ដើមបុកគ្រឹះសាងសង់​នាមុនបំណាច់ឆ្នាំ ២០២៣នេះ ដើម្បីពង្រីកសមត្ថភាពទទួល កប៉ាល់ដឹក ទំនិញ និងកាត់បន្ថយតម្លៃដឹកជញ្ជូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២៣នេះ ដោយបានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។ សម្តេចថ្លែងថា រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។

សម្តេចនាយករដ្ឋមន្រ្ដីក៏ប្រកាសប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍផែនៅខេត្តជាប់សមុទ្រផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនការយុទ្ធសាស្រ្ដប្រែក្លាយខេត្តព្រះសីហនុ ទៅជាប៉ូលសេដ្ឋកិច្ចដែលមានសក្តានុពលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារខេត្តនេះមានកំពង់ផែសមុទ្រទឹកជ្រៅអាកាសយានដ្ឋានអន្តរជាតិ ស្ថានីយរាជាយស្ម័យយាន តំបន់សេដ្ឋកិច្ចពិសេស ​និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។ ​ជាក់ស្ដែងបរិមាណទំនិញឆ្លងកាត់នៅឆ្នាំ ២០២២ មានចំនួនប្រមាណ ៧ លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ ប៊ីលានរៀល (ប្រមាណ ៨៤ លានដុល្លារ អាមេរិក) កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១។

កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានកំណើនបរិមាណកុងតឺន័រឆ្លងកាត់ជាមធ្យម ១០,៥៥% ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ (២០១៨-២០២២) ជាពិសេសនៅឆ្នាំ ២០២១ បរិមាណកុងតឺន័រកើន ១៤,១១%៕