Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េប្រកាសបន្តផ្ដល់ជំនួយ ដើម្បីអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា

Admin Alynana | Nov 07, 2023
កូរ៉េប្រកាសបន្តផ្ដល់ជំនួយ ដើម្បីអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា
Clinic narith

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។​

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបលោកស្រីនាយិកា និងសហការី នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមបន្តថា យុទ្ធសាស្រ្តបញ្ចកោណដែលអនុវត្តនៅដំណាក់កាលទី១ នេះ ផ្ដោតជាសំខាន់ទៅលើអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ 

ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ក្នុងនោះមានដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ,ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និ ងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជា ដើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែអំណរគុណចំពោះ Korean Eximbank ដែលតែងតែគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាតាមរយៈការផ្តល់ជំនួយជាច្រើនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនា គមន៍តាំងពីច្រើនទសវត្សរ៍កន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន។

ក្នុងជំនួបនេះដែរ, លោកស្រីនាយិកាធនាគាអាហរ័ណ-នីហរ័ណកូរ៉េ បានសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិថ្មីនេះ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ លោកស្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទកន្លងមក ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលទទួលបានជំនួយច្រើនជាងគេបង្អស់ពី Korean Eximbank។ លោកស្រីក៏បានប្រកាសជំហរបន្តកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀតផងដែរ៕