Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន រៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Media LNN | Nov 07, 2023
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន រៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
Clinic narith

 

(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាខ្សែផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា បានដាក់ឱ្យធ្វើចរាចរណ៍បានរយៈពេលមួយឆ្នាំហើយ។ នៅរសៀលថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន ដែលវិនិយោគលើផ្លូវល្បឿនលឿននេះ បានរៀបចំពិធីអបអរសាទរខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿននេះ។

ពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រុមហ៊ុនចិន ព្រមទាំងមន្ត្រីរាជការ និស្សិត និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រនៃតម្រាយផ្លូវល្បឿនលឿននេះ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានសម្ពោធដាក់ឱ្យប្រើប្រាស់នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រកម្ពុជា និង លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីចិន។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។

ផ្លូវល្បឿនលឿនមួយខ្សែនេះ ត្រូវបានចំណាយពេលជាង៤០ខែក្នុងការសាងសង់ ដោយក្រុមហ៊ុន Cambodia PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានក្រុមហ៊ុន Minconsult SDN BHD ជាទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុន AECOM Asia Company Limited ជាទីប្រឹក្សាវិស្វកម្មឯករាជ្យ។ វិនិយោគក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគ «សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន ៥០ឆ្នាំ។

នៅតាមបណ្តោយផ្លូវមានទីតាំងឈប់សម្រាកចំនួន ៣កន្លែងដូចជា៖ ទីតាំងកំពង់ស្ពឺខាងលិច (គ.ម ៦៣) ទីតាំងកំពង់សិលា (គ.ម ១០៩) ទីតាំងព្រៃនប់ខាងលិច (គ.ម ១៥៦) និងចំណត ១កន្លែង ត្រង់ទីតាំងកំពង់ស្ពឺ (គ.ម ៤០)។ មានស្ថានីយចេញចូល រួមនិងបញ្ជរគិតប្រាក់ចំនួន ៨កន្លែង ដូចជា៖ស្ថានីយភ្នំពេញ (គ.ម ៣) ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម ២៦) ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម ៤៣) ស្ថានីយត្រែងត្រយឹង (គ.ម ៧៦) ស្ថានីយកំពង់សិលា (គ.ម ១១៤) ស្ថានីយស្រែអំបិល (គ.ម ១៣៥) ស្ថានីយស្ទឹងហាវ (គ.ម ១៧២) និងស្ថានីយក្រុងព្រះសីហនុ (គ.ម ១៨២)។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖ គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា គន្លងផ្លូវសម្រាប់វ៉ាជែង និងគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដោយមានការកំណត់ល្បឿនក្នុងការបើកបរ ទៅតាមប្រភេទយានយន្ត ចន្លោះពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ផ្លូវនេះដែរ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន (ពី៥ម៉ោង មកត្រឹម២ម៉ោង) ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ វានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនផងដែរ។

ការធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុ ដែលពីមុនធ្លាប់ប្រើរយៈពេលពី ៤ ទៅ ៥ម៉ោង តាមផ្លូវជាតិលេខ៤ ឥឡូវនេះបានកាត់បន្ថយនៅសល់ត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលនេះបង្ហាញឱ្យឃើញថា ផ្លូវល្បឿនលឿនមួយខ្សែនេះ បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកនូវបទពិសោធន៍ធ្វើដំណើរថ្មី កាត់បន្ថយការចំនាយពេលវេលា ព្រមទាំងលើកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ ជូនដល់ប្រជាពលរដ្ឋ។

បន្ទាប់ពីបើកឱ្យដំណើរការជាផ្លូវការ រយៈពេល១ឆ្នាំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានទទួលចំនួនចរាចរណ៍សរុប ៤,៦៧៩,២២២ (គិតចាប់ពីថ្ងៃទី០១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ២០២៣)៕