(ភ្នំពេញ)៖ រយៈពេល៧០ឆ្នាំហើយ ដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ រួមទាំងឥស្សរជនខ្មែរដទៃទៀត។ ហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដូចរៀងរាល់ឆ្នាំ។ ប៉ុន្តែ ត្រឹមតែការចូលរួមអបអរសាទរ ហាក់មិនទាន់គ្រប់គ្រាន់នោះទេ។ អ្វីដែលសំខាន់លើសពីនេះ គឺអ្នកនយោបាយគ្រប់គណបក្ស ត្រូវបន្តរួមកម្លាំងគ្នា ដើម្បីការពារសុខសន្តិភាព អធិបតេយ្យ និង ឯករាជ្យជាតិ។
ការរម្លឹកទិវានៃការទទួលបានឯករាជ្យជាតិ គឺបង្ហាញពីមោទនភាពយ៉ាងក្រៃលែង ដែលប្រទេសកម្ពុជា បានរួចផុតពីការគ្រប់គ្រងរបស់ប្រទេសបារាំង តាំងពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែ ដើម្បីជៀសផុតពីប្រទេសដទៃ ដែលមានបំណងចង់លបឈ្លានពានប្រទេសកម្ពុជា តាមមធ្យោបាយណាមួយ គឺទាមទារឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមអ្នកនយោបាយគ្រប់និន្នាការ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាចម្បង ហើយរួមសាមគ្គីគ្នាជាធ្លុងមួយ។
ថ្វីដ្បិតកម្ពុជាប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យ ហើយអំណាចនិងវាសនាប្រទេសជាតិ ស្ថិតលើប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែអ្នកនយោបាយ នៅតែអាចចាត់ទុកថាជាក្បាលម៉ាស៊ីន ដែលអាចកំណត់ពីភាពសាមគ្គី ឬការបែកបាក់។ ហេតុដូច្នេះ វា ជាចំណុចសំខាន់បំផុត ដែលតម្រូវឲ្យអ្នកនយោបាយ ត្រូវមានភាពចុះសម្រុងនឹងគ្នាជាមុនសិន ទើបអាចបញ្ឆៀសប្រជាពលរដ្ឋ កុំឲ្យបែងចែកគ្នាជាក្រុម ជាពួក។
គេអាចមើលឃើញទិដ្ឋភាពប្រទេសជាតិមួយទាំងមូលថា មានសាមគ្គីភាព ឬក៏បែកបាក់ ដោយការសម្លឹងទៅលើទំនាក់ទំនង រវាងអ្នកនយោបាយ និងអ្នកនយោបាយ។ ប្រសិនបើអ្នកនយោបាយ ធ្វើនយោបាយព្រោះតែគំនុំគុំកួន ហើយប្រឹងយកឈ្នះចាញ់ស្លាប់រស់ជាមួយគ្នានឹងគ្នា គេច្បាស់ជាអាចសន្និដ្ឋានបានភ្លាមថា ប្រជាពលរដ្ឋក្នុងស្រុកនោះ ក៏មិនចុះសម្រុងគ្នាដែរ ហើយអស្ថិរភាពនយោបាយ ច្បាស់ជាកើតឡើងជាមិនខាន។ វាជារឿងពិបាក ដែលគេស្រែកឲ្យពលរដ្ឋសាមគ្គីគ្នា ខណៈអ្នកនយោបាយ កំពុងតែបែកបាក់គ្នា។
ការបែកបាក់គ្នា រវាងអ្នកនយោបាយនិងអ្នកនយោបាយ គឺជាហេតុនាំឲ្យពលរដ្ឋនិងពលរដ្ឋបែកបាក់គ្នា ហើយចុងក្រោយវានឹងនាំឲ្យជាតិទាំងមូលបែកបាក់ផងដែរ។ ដោយដើរតាមគន្លងអ្នកនយោបាយរៀងៗខ្លួន ប្រជាពលរដ្ឋកម្ពុជាខ្លះ បានបែងចែកពណ៌សម្បុរនយោបាយរវាងគ្នានឹងគ្នា។ អ្នកខ្លះ បានចាត់ទុកខ្មែរគ្នាឯងថាជាក្រុមផ្សេង ប្រសិនបើជនទាំងឡាយនោះប្រឆាំងនឹងគោលនយោបាយ មនោគមវិទ្យានយោបាយ និងមេដឹកនាំនយោបាយបក្សរបស់ខ្លួន។ ការប្រកាន់ខ្ជាប់នូវឥរិយាបថដ៏ពិបាកកែប្រែបែបនេះ ស្ទើរតែក្លាយជាវប្បធម៌នៃការគិតក្នុងសង្គមខ្មែរទៅហើយ។
ពលរដ្ឋ ដែលមានជំនឿលើបក្សនីមួយៗ បានប្រកាន់យ៉ាងមាំថា គ្មានបក្សណាល្អជាងបក្សខ្លួនទេ។ ពួកគេតែងវាយប្រហារគ្នាថា បក្សដទៃ គឺជាបក្សបោកប្រាស់ ពុករលួយ បក្សពួកនិយម គិតប្រយោជន៍បុគ្គល ប្រយោជន៍គ្រួសារ ប្រយោជន៍បក្ស ជាងប្រយោជន៍ជាតិ។ បើពលរដ្ឋក្នុងបក្សនីមួយៗ គិតដូច្នេះរៀងៗខ្លួន ប្រកាន់ខ្ជាប់យ៉ាងនេះដូចៗគ្នា រឿងអ្វីថា ខ្មែរមិនបែកបាក់គ្នា មិនបែងចែកបក្សពួកគ្នា មិនស្អប់គ្នា។
ទឡ្ហីករណ៍ទាំងនេះ បានបង្ហាញថា ប្រសិនបើអ្នកនយោបាយឈ្លោះគ្នាធ្ងន់ធ្ងរយ៉ាងណា ពលរដ្ឋប្រាកដជាប្រទូសប្រទាំងដាក់គ្នាធ្ងន់ធ្ងរយ៉ាងនោះដែរ។ ពលរដ្ឋ ប្រេះឆានឹងគ្នាខ្លាំងប៉ុនណា ជាតិនឹងបែកបាក់ខ្លាំងប៉ុណ្ណោះដែរ។
ដូច្នេះ ជំហានដំបូង គឺត្រូវទាមទារឲ្យអ្នកនយោបាយ បង្រួបបម្រួមគ្នាជាមុនសិន បន្ទាប់មក សាមគ្គីភាពរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នឹងកើតមានឡើង ហើយនាំឲ្យប្រទេសជាតិទាំងមូល មានការឯកភាព ព្រមទាំងអាចរក្សាឯករាជ្យ អធិបតេយ្យភាព ជានិរន្តរ៍៕