Alynana Media Cambodia
Icon Collap
clinic narit

នៅឆ្នាំនេះទិន្នផលមៀនប៉ៃលិនមានការធ្លាក់ចុះ តែទទួលបានការបញ្ជាទិញខ្ពស់ពីទីផ្សារចិន

Media LNN | Nov 09, 2023
នៅឆ្នាំនេះទិន្នផលមៀនប៉ៃលិនមានការធ្លាក់ចុះ តែទទួលបានការបញ្ជាទិញខ្ពស់ពីទីផ្សារចិន
Clinic narith

ដំណើរការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន កាន់តែបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។ ស្របពេលតម្លៃ និងការបញ្ជាទិញសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅឆ្នាំនេះមានការកើនឡើង ប៉ុន្តែការប្រមូលទិន្នផលមៀនប៉ៃលិននៅឆ្នាំនេះហាក់មានការថយចុះបន្តិចទៅវិញ។ ការធ្លាក់ចុះនេះត្រូវបានថ្នាក់ដឹកនាំសមាគមមៀនប៉ៃលិនអះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យចម្ការមៀនប៉ៃលិននៅតំបន់មួយចំនួនជួបនូវគ្រោះរាំងស្ងួត។

លោក សារ ចំរើន ទីប្រឹក្សារសមាគមមៀនប៉ៃលិន បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារនាំចេញផ្លែមៀនប៉ៃលិនកម្ពុជា ទៅកាន់ប្រទេសចិន នៅឆ្នាំនេះ ហាក់មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់។ ជាក់ស្តែងទិន្នផលមៀនប៉ៃលិន ដែលកសិករប្រមូលផលបាននៅឆ្នាំនេះមិនអាចឆ្លើយតបនឹងតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុននាំចេញនោះទេ។ មិនគ្រប់តាមតម្រូវការ ក៏ដោយសារទិន្នផលមៀនប៉ៃលិននៅឆ្នាំនេះហាក់មានការថយចុះបន្តិច ដោយសារបញ្ហាអាកាសធាតុប្រែប្រួលបានធ្វើឱ្យតំបន់ខ្លះមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ គួបផ្សំចម្ការខ្លះគ្មានប្រព័ន្ធស្រោចស្រព។ ការធ្លាក់ចុះទិន្នផលនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលនាំចេញរបស់មៀនប៉ៃលិននៅឆ្នាំនេះ។

តែទោះជាបែបនេះក្តី លោក សារ ចំរើន អះអាងថា កសិករនៅតែសប្បាយចិត្តក្នុងការប្រមូលផលរបស់ខ្លួន និងមានកសិករមួយចំនួនបានបង្កើនការដាំដុះរបស់ពួកគេផងដែរ ដោយសារតែនៅឆ្នាំនេះ ទីផ្សារប្រទេសចិន បើកទូលាយ និងលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុន ពោលគឺចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំនេះ ក្រុមហ៊ុនបញ្ជាទិញបានដាក់តម្លៃមៀនប៉ៃលិន ក្នុងតម្លៃ៣ពាន់៦រយរៀល ក្នុងមួយគីឡូក្រាម ខណៈចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ មៀនប៉ៃលិនអាចលក់បានក្នុងតម្លៃ៤ពាន់រៀលក្នុងមួយគីឡូក្រាម និងចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅលក់បានក្នុងតម្លៃ៤ពាន់៥រយរៀលក្នុងមួយគីឡូក្រាម។

ទីប្រឹក្សាសមាគមមៀនប៉ៃលិន រូបនេះ ជឿជាក់ថា ទីផ្សារនាំចេញមៀនប៉ៃលិនកម្ពុជាទៅកាន់ប្រទេសចិននឹងមានភាពល្អប្រសើរថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយក្រុមហ៊ុនបញ្ជាទិញអះអាងថា នៅ៥ឆ្នាំខាងមុខពួកគេនឹងបង្កើនការបញ្ជាទិញមៀនស្រស់ពីកម្ពុជាបន្ថែម។ ម្យ៉ាងទៀត ដោយសារកសិករដាំដំណាំមៀននៅថៃមួយចំនួនបានបោះបង់ការដាំ ដោយងាកទៅដាំដំណាំទុរ៉េនវិញ។ តែយ៉ាងណាបញ្ហាតម្លៃដឹកជញ្ជូនខ្ពស់ ក៏នៅតែជាប្រឈមសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។

យ៉ាងណាក៏ដោយលោក សារ ចំរើន រំពឹងថា កម្ពុជានឹងអាចនាំចេញផ្លៃមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន បានក្នុងរង្វង់ជាង៦០០ទូកុងតឺន័រ នៅពេញមួយឆ្នាំ២០២៣នេះ ដោយក្នុងមួយទូមានប្រមាណ២៤តោន ខណៈកាលពីឆ្នាំមុនអាចនាំចេញបានក្នុងរង្វង់៣០០ទូកុងតឺន័រតែប៉ុណ្ណោះ។

គួរជម្រាបថា កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិន ជាផ្លូវការ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២២ ដោយកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិន សរុបបានជាង១៤ពាន់តោន ក្នុងនោះ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ មានចំនួនជិត៣ពាន់តោន ខណៈចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួនជាង១១ពាន់តោន។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕