(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាង តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជា ផ្លូវការ ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍ កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ ប្រភេទដែល ធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍ កោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ២៤:០០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធី។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ។
សូមរំលឹកថា ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ គឺដើម្បីធានានូវលំហូរចរាចរណ៍នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងច្រើននៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ។
ស្ពានបេតុងខ្សែកាបនេះជាហេដ្ឋារចនាសម្ព័ន្ធមួយដែលធ្វើឱ្យ កោះនរានឹងក្លាយជាទីតាំងនៅជាប់ចំណុចកណ្តាលរាជធានី-ភ្នំពេញ និងផ្លូវជាតិលេខ ១ ដែលនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ។ កោះនរាស្ថិតចំទីតាំងល្អលើគ្រប់សម្រាប់ការរស់នៅ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងនៅជាប់មាត់ទន្លេដែលមានអាកាសធាតុ និងបរិស្ថានស្រស់បំព្រង ជាពិសេសការវិនិយោគ ដែលទីផ្សារអចលនទ្រព្យនៅទីនោះនឹងមានកំណើនខ្ពស់នៅពេលអនាគតបន្ថែមទៀត៕