ទាហានអាមេរិក៥នាក់ ត្រូវបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងកើត សមុទ្រមេឌីទែរ៉ាណេ។
យោធាអាមេរិកនិយាយថា ឧទ្ធម្ភាគចក្របានជួបឧបទ្ទវហេតុ ខណៈពេលកំពុងចាក់សាំង ដែលជាផ្នែកមួយនៃលំហាត់ហ្វឹកហ្វឺនជាប្រចាំ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថាតើ ឧទ្ធម្ភាគចក្រ ហោះមកពីណា ឬធ្លាក់នៅកន្លែងណានោះទេ ប៉ុន្តែសហរដ្ឋអាមេរិក បានដាក់ពង្រាយកងនាវាផ្ទុកយន្តហោះចំនួនពីរ ក៏ដូចជាកប៉ាល់និងយន្តហោះផងដែរ ទៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើតកាលពីខែមុន។
អាមេរិក បានបង្កើនប្រតិបត្តិការរបស់ខ្លួនក្នុងតំបន់ ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។
ការដាក់ពង្រាយនេះ គឺឆ្លុះបញ្ចាំងពីក្តីព្រួយបារម្ភរបស់អាមេរិកដែលថា ជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស អាចរីករាលដាលពាសពេញតំបន់។ ជាពិសេស អាមេរិកចង់រារាំងចលនា ហេសបូឡា ដ៏មានឥទ្ធិពលរបស់លីបង់ មិនឲ្យចូលរួមក្នុងជម្លោះនេះ៕
ប្រភព៖ BBC