យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរ អះអាងថា ស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាហាក់មានសភាពទ្រឹងមិនទាន់មានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នៅឡើយទេ ពោលគឺវិស័យនេះនៅតែបន្តរងផលប៉ះពាល់ពីឥទ្ធិពលនៃវិបត្តិសកលនានា។ ប៉ុន្តែអ្នកជំនាញកត់សម្គាល់ឃើញថា នៅចុងឆ្នាំ២០២៣នេះ មិនសូវមានការផ្អាកកម្មករ-និយោជិតពីម្ចាស់រោងចក្រ សហគ្រាសកាត់ដេរ នោះទេ បើធៀបទៅនឹងអំឡុងចុងឆ្នាំ២០២២ ខណៈខ្សែច្រវាក់ផលិតកម្មក្នុងវិស័យនេះហាក់ចាប់ផ្ដើមវិលមករកសភាពធម្មតាឡើងវិញ នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះ។
យ៉ាងណាមិញ សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យឧស្សាហកម្មនឹងបន្តនិន្នាការកើនឡើងជាមួយការសម្រេចបានកំណើនក្នុងរង្វង់៨,៥% នៅឆ្នាំ២០២៤ ពីប្រមាណ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ។ ប៉ុន្តែទោះជាបែបនេះក្ដី ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ក៏អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យមួយនេះផងដែរ។ ក្នុងនោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានស្ថានភាពល្អប្រសើរ ដែលមួយផ្នែកជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀតគាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗមួយចំនួន គួបផ្សំនឹងការដាក់ចេញនូវ«ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។
សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។ បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើទោះបីការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជា ជប៉ុន អាមេរិក អង់គ្លេស អាឡឺម៉ង់ និងកាណាដានៅ១០ខែក្នុងឆ្នាំ២០២៣នេះ សុទ្ធតែមានការធ្លាក់ចុះ ប៉ុន្ដែបើមើលទៅលើការនាំចេញទៅកាន់ទីផ្សារចិន និងវៀតណាមនៅតែអាចរក្សាបានអត្រាកំណើនជាវិជ្ជមាន៕