Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបវិស័យឯកជន ប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា

Media LNN | Nov 13, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបវិស័យឯកជន ប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩។ វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» គឺជាជំនួបដ៏សំខាន់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជារក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកានេះរៀបចំឡើងនៅវិមានសន្តិភាព។

ខាងក្រោមជាខ្លឹមសារសំខាន់ៗមួយចំនួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងប្រមាណ៣ម៉ោង៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មានតួនាទីស្នូលការពារសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មី។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញវឌ្ឍនភាពមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបានរួមមាន៖
១៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល ដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨
២៖ កាលពីថ្ងៃទី២៤ ខែតតុលា រាជរដ្ឋាភិបាលដាក់ឱ្យមូលនិធិសមធម៌សុខាភិបាល ៤៩ម៉ឺនគ្រួសារ ស្មើជិត ២លាននាក់ ទទួលបានការពិនិត្យ និងព្យាបាលដោយមិន
៣៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ដាក់ឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស
៤៖ រៀបចំគណៈកម្មាធិការជាតិចំនួន៣ សម្រាប់កែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ និងវិស័យសុខាភិបាល
៥៖ រៀបចំដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលបានកំណត់ឡើងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលយល់ច្បាស់អំពីបន្ទុកអនុលោមភាព ដែលវិស័យឯកជនតែងលើកឡើង។ ដូច្នេះរាជរដ្ឋាភិបាលនឹងលុបបំបាត់ និងកែសម្រួលលើអនុលោមភាពមួយចំនួន។ ប៉ុន្តែវិស័យឯកជនមិនមែនត្រូវតែមិនទទួលបន្ទុកអនុលោមភាពទាំងអស់នោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានអនុលោមភាពទេ ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ នឹងក្លាយទៅជាអាណាធិបតេយ្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់វិស័យឯកជន ប្រឹងប្រែងដោះស្រាយបញ្ហាអនុលោមភាព ដោយមិនត្រូវចាត់ទុកបញ្ហាអនុលោមភាព ជារបាំងឧបសគ្គនោះឡើយ។ តែរាជរដ្ឋាភិបាល នឹងប្រឹងប្រែងដោះស្រាយបន្ទុកអនុលោមភាពមួយចំនួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចនឹងបោះបង់ចំណូលមួយចំនួននោះឡើយ បើសិនការបោះបង់បង់នោះជួយសម្រួល និងគាំទ្រដល់វិស័យឯកជនបានលូតលាស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជនបានលើកឡើងនូវបញ្ហាស្មុគស្មាញ និងការត្រួតគ្នា នៃបទដ្ឋានគតិយុត្តមួយចំនួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យការតាក់តែងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ត្រូវមានការពិគ្រោះជាមួយវិស័យឯកជន ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយទុកអន្តរកាលយ៉ាងតិច៦ខែ មុននឹងអនុវត្តន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងមួយឆ្នាំក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចុះធ្វើអធិការកិច្ចរួមគ្នាតែម្តងគត់នៅតាមរោងចក្រ សហគ្រាស លើកលែងតែមានការប្តឹងផ្តល់ពីកម្មករ និយោជិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើតពន្ធថ្មី ហើយពន្ធមានស្រាប់មិនដំឡើងអត្រាពន្ធនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រូវឱ្យមានការបង់ភាស៊ីសម្រាប់ប្រជាពលរដ្ឋលក់ដូរតាមកញ្ជើ កញ្ច្រែងនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីមិនប្រើប្រាស់ដែលតម្រូវឱ្យបង់ពន្ធ គឺគិតចាប់ពីទំហំ ៥ហិកតាឡើងទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាំ៥មុខទៀត មិនជាប់ពន្ធរួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បធកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងក្នុងស្រុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ខណៈក្រុមហ៊ុនចិនមួយទៀត គ្រោងវិនិយោគលើការផលិតសំបកកង់រថយន្តនេះទៀត ជាមួយទុនប្រមាណ ៥០០លានដុល្លារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តទាំងនេះ បានជួយដល់ការដំណាំកៅស៊ូនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ការអនុគ្រោះពន្ធនាំទំនិញចូលកម្ពុជា តម្លៃក្រោម១០០០ដុល្លារ មិនតម្រូវឲ្យបង់ពន្ធនោះទេ។

* នាយករដ្ឋមន្រ្តីប្រកាសឲ្យបន្ថែមម៉ោងដល់មន្រ្តីគយ នៅតាមកំពង់ផែស្ងួតនានានៅពេលយប់ ដើម្បីបង្កើនលឿនការងារ និងផ្តល់ប្រាក់ឈ្នួលសមរម្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋមិនចង់ដើរតួជាប៉ូលិសជាមួយវិស័យឯកជននោះទេ តែរដ្ឋចង់ធ្វើជាអ្នកគាំទ្រ

* សម្តេចធិបតី ប្រកាសថា ហាមនាំចូលដាច់ខាតចំណីអាហារបង្កក ត្រីសាច់ ពងខូចគុណភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឲ្យក្រសួងសាធារណការ សិក្សាត្រួតពិនិត្យ ដើម្បីកែសម្រួលច្បាប់កំណត់ទម្ងន់ដឹកពី៤០ ទៅ៤៥តោន

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃពន្ធសម្រាប់ការនាំចូលឡានដឹកទំនិញ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រ​ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រតិបត្តិករទេសចរណ៍ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយមិនត្រូវប្រកួតនឹងគ្នាឯងនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាផ្តល់បណ្ណព្រំដែនដល់ពលរដ្ឋជាប់ព្រំដែនកម្ពុជា ដើម្បីពង្រីកដំណើរទេសចរណ៍របស់ពួកគេនៅតាមខេត្តជាប់ព្រំដែន និងខេត្តជាប់នោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចផ្តល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ចំនួន ៥០លានដុល្លារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសកំណត់យកភ្នំគូលែន ជាទីតាំងទេសចរណ៍ធម្មជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងជូនវិស័យទេសចរណ៍នៅសៀមរាប និងឥណទានសម្រាប់អចលនទ្រព្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគាររៀបចំឡើងវិញ ចំពោះអ្នកទិញដីធ្លីផ្ទះសម្បែងដែលរងផលប៉ះពាល់ដោយសារសេដ្ចកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសលើកលែងពន្ធប្រថាប់ត្រា ដល់អចលនទ្រព្យទិញលក់តម្លៃក្រោម ៧០០០០ដុល្លារ

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ នឹងទទួលបានការលើកលែងមិនឱ្យបង់ពន្ធប្រដាប់ត្រា រហូតដល់ឆ្នាំ២០២៤។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ផ្ទះមានតម្លៃលើស៧ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ៧ម៉ឺនដុល្លារ ពីមូលដ្ឋាននៃការគិតពន្ធប្រដាប់ត្រា។

* សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីយន្តការអនុគ្រោះដល់អ្នកវិនិយោគជនបរទេស អាចទទួលបានទិដ្ឋាការរយៈពេលយូរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយន្តការពិសេសដល់ជនបរទេស មានសិទ្ធជួលអចលនទ្រព្យមានរយៈពេលយូរពី១៥ ដល់ ៥០ឆ្នាំ និងមានសិទ្ធិបន្ត៥០ឆ្នាំទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាក់ព័ន្ធខិតខំជំរុញវិធានការដែលបានដាក់ចេញខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច តាមដានការអនុវត្តន៍ចំពោះវិធានការនៃកិច្ចអន្តរាគមន៍ដែលបានដាក់ចេញខាងលើ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតក្រុមការងារតាមវិស័យបន្ថែមមួយទៀត គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបិទបញ្ចប់វេទិកាជំនួបជាមួយវិស័យឯកជននៅវេលាម៉ោងប្រមាណ១២៖៥៧នាទី៕