មេដឹកនាំក្រុមសកម្មប្រយុទ្ធហេបូឡារបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានបង្ហាញអាវុធថ្មី រួមទាំងមីស៊ីលដែលមានក្បាលគ្រាប់ធុនធ្ងន់ នៅក្នុងការប្រយុទ្ធដែលកំពុងបន្ត នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដោយបន្ថែមថា ពួកគេ នឹងបន្តប្រើប្រាស់ព្រំដែនដ៏តានតឹង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល។
លោក សាយយីដ ហាសសាន ណាស្រាលឡា (Sayyed Hassan Nasrallah) ក៏បានស្តីបន្ទោសសហរដ្ឋអាមេរិកជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយនិយាយថា សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអាចបញ្ឈប់ការវាយលុកយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែមិនបានធ្វើដូច្នេះទេ។ លោកបាននិយាយថា ការវាយប្រហារលើកងទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលទីក្រុងវ៉ាស៊ីនតោន និយាយថា បានឈានដល់គ្រាប់រ៉ុក្កែតជាង៤០គ្រាប់ និងការវាយប្រហារដោយយានដ្រូន នឹងបន្តរហូតដល់សង្រ្គាមនៅតំបន់ហ្កាហ្សា ឈានដល់ទីបញ្ចប់។
ប្រទេសអ៊ីស្រាអែល ប្រកាសស្ទាក់ចាប់ប្រតិបត្តិការ Arrow-3 ជាលើកដំបូង។
ការអត្ថាធិប្បាយរបស់លោក ណាស្រាលឡា បានកើតឡើង ខណៈដែលស្ថានភាពនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ បន្តកើនឡើង។ ក្រុមហេសបូឡាកាលពីថ្ងៃសុក្រ បានវាយប្រហារភាគខាងជើងអ៊ីស្រាអែលដោយយានដ្រូនអត្តឃាតចំនួន បីគ្រឿង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រា អែល នៅភាគកណ្តាលប្រទេសស៊ីរី បានសម្លាប់ជនសកម្មប្រយុទ្ធហេសបូឡាចំនួន ៧នាក់៕