(ភ្នំពេញ)៖ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់ចិន សរុបមាន ៣.៣៤០លានដុល្លារ ក្នុងនោះបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។
នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៦៧៥.៨៧លានដុល្លារ។
ជាមួយគ្នានេះដែរ ស្ពានធំៗដែលបានសាងសង់រួចរាល់មានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។
ឯកឧត្តមបានបន្តទៀតថា ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។
នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA) រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។
បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿនកិច្ចការងារសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីអាចឈានទៅនីតិវិធីបន្តបន្ទាប់ទៀត សំដៅយ៉ាងណាអាចឱ្យគម្រោងនេះចេញជាលទ្ធផលសម្រាប់នីតិកាលទី៧នេះ៕