Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ជំរុញឱ្យលោក ចូ បៃដិន ជួយបិទបញ្ចប់អំពើឃោរឃៅ ក្នុងតំបន់ហ្កាហ្សា

Media LNN | Nov 14, 2023
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ជំរុញឱ្យលោក ចូ បៃដិន ជួយបិទបញ្ចប់អំពើឃោរឃៅ ក្នុងតំបន់ហ្កាហ្សា
Clinic narith

(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រឹងប្រែងបន្ថែមទៀតដើម្បីបិទបញ្ចប់អំពើ ឃោរឃៅនៅក្នុងតំបន់ហ្កាហ្សា និងនាំមកនូវបទឈប់បាញ់មួយ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះរបស់លោក វីដូដូ ធ្វើឡើងអំឡុងជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅឯសេតវិមានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន) នាឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ លោក វីដូដូ ដែលជាមេដឹកនាំម្នាក់នៃប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមធំជាងគេបំផុត នៅលើពិភពលោក បានគូសបញ្ជាក់ថា «ឥណ្ឌូណេស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោរឃៅទាំងឡាយនៅក្នុងតំបន់ ហ្កាហ្សា ហើយបទឈប់បាញ់ជារឿងចាំបាច់បំផុតក្នុងបុព្វហេតុមនុស្សធម៌»។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះបន្ថែមថាលោកក៏នឹងបញ្ជូនសារពិសេសមួយ ពីប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដែលបានសុំឱ្យលោកបញ្ជូនសារនេះទៅកាន់លោក ចូ បៃដិន ពាក់ព័ន្ធនឹងសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាសផងដែរ។

ប៉ុន្តែ ក្នុងជំនួបជាមួយលោក វីដូដូ អ្វីដែលជាការផ្តោតរបស់លោក ចូ បៃដិន គឺផែនការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ី ដើម្បីដំឡើង ទំនាក់ទំនងនៃប្រទេសទាំង២ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយ។

គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានបញ្ជាក់ថាការវាយប្រហារសងសឹករបស់ អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនលើស ១១,០០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ចាប់តាំងពីក្រុមហាម៉ាសវាយប្រហារលើ ភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សច្រើនជាង ២០០នាក់ចំណាប់ខ្មាំង៕