ក្រោយពេលមេដឹកនាំចិន បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតកម្មផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសតាមការបង្កើនកម្មវិធីឥណទានថ្មីៗនោះ កំពុងធ្វើឲ្យ ពិភពលោករងនូវការភ័យខ្លាចថា បរិមាណលើសចំណុះនៃផលិតកម្មបែបនេះនឹងជំរុញឲ្យមានរលកថ្មីនៃការនាំចេញទំនិញបច្ចេកវិទ្យាក្នុងតម្លៃទាប រាប់តាំងពីគ្រឿងបន្ទះសៀគ្វី រហូតដល់ឧបករណ៍ ដែលពាក់ព័ន្ធនឹងផលិតកម្មយានយន្ដអគ្គីសនីជាដើម។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឲ្យដឹងថា ទិន្នន័យនៃការផ្តល់ប្រាក់កម្ចីពីធនាគារ កណ្តាលរបស់ប្រទេសចិន បានបង្ហាញនូវកិច្ចការអាទិភាពរបស់រដ្ឋាភិបាលចិន ទាក់ទងនឹងផលិតកម្ម បច្ចេកវិទ្យា ដើម្បីផ្គត់ផ្គង់ពិភពលោក ។
តាមស្ថិតិដែលសារព័ត៌មានទាំងនោះបានចុះផ្សាយបានឲ្យដឹងថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រាក់កម្ចីដែលមិនទាន់សង ដែលក្រុងប៉េកាំងអនុម័តគាំទ្រដល់ វិស័យអចលនទ្រព្យដែលកំពុងតែរងនូវបញ្ហា គឺធ្លាក់ចុះនោះ គឺមានត្រឹមតែ ០,២% ប៉ុន្តែសម្រាប់អត្រានៃការផ្តល់ប្រាក់កម្ចីដល់វិស័យផលិតកម្មបច្ចេកវិទ្យាវិញ គឺកើនឡើងដល់ទៅ ៣៨%ឯណោះ ។
ជុំវិញស្ថានភាពបែបនេះសេដ្ឋកិច្ចវិទូ បានព្រមានថា រលកនៃការវិនិយោគនេះ កំពុងបង្ក ឲ្យមានការកើនឡើងនូវការវិនិយោគ និងការបង្កើនដើមទុនលើផលិតកម្មផលិតផលបច្ចេកវិទ្យា ដែលនឹងរឹតតែបង្កឲ្យមានការគំរាមកំហែងដល់សង្រ្គាមពាណិជ្ជកម្ម ដែលពេលនេះសូម្បីតែ សហភាពអឺរ៉ុបក៏កំពុងតែបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិន ទាក់ទងនឹងការឧបត្ថម្ភធនលើផលិតកម្មរថយន្តអគ្គិសនីផងដែរ ។
លោក ជេន អេស្កេឡាន ( Jens Eskelund) ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប នៅទីក្រុងប៉េកាំង បាននិយាយថា បច្ចុប្បន្ននេះទំហំនៃការប្រើប្រាស់ឆ្លើយតបនឹងផលិតកម្មផលិតផលបច្ចេកវិទ្យារបស់ចិន នៅក្នុងទីផ្សារនៅក្នុងស្រុកមិនច្រើនទេ ប៉ុន្តែចិនកំពុងតែបង្កើនផលិតភាពផ្គត់ផ្គង់ផលិតផលទាំងនេះ ទៅកាន់ពិភពលោកនៅក្នុងតម្លៃដ៏ទាប រាប់ចាប់តាំងពីផលិតកម្មអាគុយ ឧបករណ៍សូ្របពន្លឺព្រះអាទិត្យ និង សារធាតុគីមីសំខាន់ៗផ្សេងទៀត ។
លោកបានអះអាងថា នៅពេលនេះ ពាក់ព័ន្ធនឹងផលិតផលនៃផលិតកម្មបច្ចេកវិទ្យារវាងចិន និងអឺរ៉ុប គឺប្រៀបបីដូចរថភ្លើងពីរខ្សែដែលកំពុងតែងរកកល់នឹងបុកគ្នាដូច្នោះដែរ។
សូមបញ្ជាក់ថា ប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង បានកំពុងស្វែងរកឱកាសនៃការក្លាយជាមជ្ឈមណ្ឌលផលិតកម្មទំនើបសម្រាប់ទំនិញ ដែលមានសក្តានុពលខ្ពស់សម្រាប់ពិភពលោក រួមទាំងរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងបន្លាស់អវកាស និងឧបករណ៍បច្ចេកវិទ្យាពាក់កណ្តាលសម្រេចនានា៕