Alynana Media Cambodia
Icon Collap
clinic narit

សត្វផ្សោតវ័យ៧ឆ្នាំមួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

Media LNN | Nov 16, 2023
សត្វផ្សោតវ័យ៧ឆ្នាំមួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង
Clinic narith

(ភ្នំពេញ)៖ ផ្សោតឈ្មោលមួយក្បាល វ័យប្រមាណ៧ឆ្នាំ បានងាប់ដោយសារឧបករណ៍ឆក់ របស់អ្នកនេសាទ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

តាមការបញ្ជាក់របស់រដ្ឋបាលជលផល នាព្រឹកថ្ងៃទី១៦ វិច្ឆិកា ផ្សោតនេះមានប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានងាប់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះងាប់ដោយ ឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ 

ជុំវិញរឿងនេះ រដ្ឋបាលជលផល កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។
untitled-1 (1)

ក្នុងពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គ» កាលពីថ្ងៃទី១៨ ខែតុលា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្នវត្តមានរបស់ផ្សោតក្នុងទន្លេមេគង្គ នៅមានភាពផុសស្រួយនៅឡើយទេ ដោយសារ​តែមាន​សកម្ម​ភាពនេសាទខុស​ច្បាប់មួយចំនួនដូចជា ការប្រើ​ប្រាស់មងក្រឡាធំៗ ​និងឧបករណ៍​​នេសាទ ហាមឃាត់ នៅតែបន្តមាន។  លោក បានទទូចឱ្យពលរដ្ឋចូលរួមស្រាវជ្រាវ និងរាយការណ៍រាល់បទល្មើសនេសាទ ទៅកាន់រដ្ឋបាលជលផល ដើម្បីបង្រ្កាបទាន់ពេល។ 

រដ្ឋមន្រ្តី ព្រមានយ៉ាងដូច្នេះថា៖« អ្នកដែលធ្វើបទល្មើសនេសាទ មិនអាចរួចខ្លួននោះទេ តែយើងរកភស្តុតាងឃើញ គឺនឹងអនុវត្តច្បាប់ ហើយនៅពេលនោះ ច្បាប់នឹងតឹងតែងហើយ»។

នៅឆ្នាំ២០២៣នេះ ផ្សោតកើតថ្មីបាន៨ក្បាល និង ងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ជំទង់២ក្បាល និងងាប់ដោយចាស់ជរា១ក្បាល។ ដោយឡែក រយៈពេល៤ឆ្នាំចុងក្រោយនេះ កម្ពុជា ទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេរហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។ នេះបើតាមទិន្ន័យរបស់ WWF។

របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ២០២០ បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គមានចំនួនប្រមាណតែ៨៩ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែងក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។

សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោកយើងនេះ រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)៕