(សៀមរាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុទិដ្ឋិនិយមថា ការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» បូករួមនឹងវិធានការជាច្រើនរបស់រាជរដ្ឋាភិបាលដែលជួយដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ផងនោះ នឹងជួយស្រោចស្រង់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ជំរុញកំណើនទេសចរឱ្យងើបឡើងវិញ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃនេះ និងការដាក់ចេញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ (Visit Siemreap Year 2024) គឺជំរុញឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបមានកំណើនងើបឡើងវិញ។
សម្ដេចធិបតីបានបន្តថា ទោះបីចំនួនភ្ញៀវទេសចរនាចុងឆ្នាំ២០២៣នេះ មិនទាន់ស្មើនឹងចំនួនកាលពីមុនពេលវិបត្តិកូវីដ១៩ក៏ដោយ ក៏ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តនេះក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន៣៤ជើងក្នុង១ថ្ងៃ។ ចំនួនភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានជាង៣ពាន់នាក់ក្នុង១ថ្ងៃ ដោយពីមុនមានតែ១ពាន់នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ តែនៅមុនពេលវិបត្តិកូវីដ១៩ ចំនួនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានដល់ជាង៨ពាន់ទៅ៩ពាន់នាក់ក្នុង១ថ្ងៃ។ ចំពោះចំនួនភ្ញៀវទេសចរបរទេសនៅទូទាំងប្រទេស គឺមានជាង៤លាននាក់ បើគិតត្រឹមខែតុលា ឆ្នាំ២០២៣។
សម្ដេចធិបតីបានបន្តទៀតថា ក្នុងវេទិកាជួបជាមួយវិស័យឯកជនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយខេត្តសៀមរាប គឺយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។
សម្ដេចធិបតីបានឱ្យដឹងដែរថា នៅខែតុលា ឆ្នាំ២០២៣ សម្ដេចបានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ក៏ដូចជានាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ដោយបានឯកភាពគ្នាថា នៅឆ្នាំ២០២៤ ភាគីមិត្តទាំងពីរនឹងបង្កើនសកម្មភាពទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសគឺការជំរុញទេសចរឱ្យមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។
ក្រៅពីវិធានការទាំងឡាយនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ បរិស្ថាន ពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ពិសេសគឺនៅបរិវេណអាកាសយានដ្ឋាន រហូតដល់ក្រុងសៀមរាប និងតំបន់គោលដៅទេសចរណ៍នានា។
ម្យ៉ាងវិញទៀត សម្ដេចធិបតីក៏បានជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅខេត្តសៀមរាប ដូចជា ពិព័រណ៍ទេសចរណ៍ ពិព័រណ៍ផលិតផលផ្សេងៗ កីឡាទេសចរណ៍ កិច្ចប្រជុំកំពូលធំៗ ពិធីបុណ្យជាតិ ពិធីបុណ្យថ្នាក់ខេត្តជាដើម។ សម្ដេចធិបតីបានណែនាំបន្ថែមថា នៅពេលរៀបចំព្រឹត្តិការណ៍ទាំងនេះ អាជ្ញាធរត្រូវជូនដំណឹងនិងអញ្ជើញខាងវិស័យឯកជនឱ្យបានចូលរួមជាចាំបាច់ ដើម្បីរៀបចំជាកញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរមកទស្សនា ហើយក្រុមប្រឹក្សាទេសចរណ៍ត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយវិស័យឯកជន។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តយូណាន ប្រទេសចិន សូមចូលរួមរៀបចំព្រឹត្តិការណទេសចរណ៍នានានៅខេត្តសៀមរាប ឬរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ឱ្យបានច្រើនមកកាន់ខេត្តសៀមរាប ព្រោះជាខេត្តសៀមរាបនិងខេត្តយូណានជាខេត្តសម្ពន្ធមេត្រីភាពនឹងគ្នាស្រាប់៕