Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​ជនជាតិ​ជ្វីហ្វ​​ថា​ សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​​បង្កើត​ឱ្យ​មាន​​ការ​ស្អប់​ជនជាតិ​ជ្វីហ្វ​និង​អ្នក​កាន់​សាសនា

Admin Alynana | Nov 17, 2023
ក្រុម​ជនជាតិ​ជ្វីហ្វ​​ថា​ សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​​បង្កើត​ឱ្យ​មាន​​ការ​ស្អប់​ជនជាតិ​ជ្វីហ្វ​និង​អ្នក​កាន់​សាសនា
Clinic narith

ស៊ីដនី៖ នៅ​ពេល​អូស្ត្រាលី​មាន​មោទនភាព​ថា ​ខ្លួន​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ចម្រុះច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​នោះ​ ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ បានធ្វើ​ឱ្យ​មាន​ការ​ប៉ះទង្គិចលើ​បញ្ហានេះ។​ អារម្មណ៍​ប្រឆាំង​អ្នកកាន់​សាសនា​អ៊ិស្លាមនិង​ជនជាតិ​ជ្វីហ្វ​បាន​កើន​ឡើង​ចាប់​តាំង​ពី​សង្គ្រាមរវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​កើត​ឡើង​មក។​ នេះ​បើ​តាមការ​បញ្ជាក់​ឱ្យ​ដឹង​របស់ក្រុម​សិទ្ធិ​មនុស្សមួយ​ចំនួន។​

អង្គការ Islamophobia Register Australia​ ដែលកត់​ត្រា​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម បាន​កត់​ត្រាព្រឹត្តិការណ៍​ចំនួន ​១៣៣​ករណី ​ក្នុង​ខែ​កន្លង​ទៅ​ ប៉ុន្តែ​អង្គការ​សហគមន៍នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តួលេខ​ពិត​ប្រាកដ​នៃ​ឧប្បត្តិហេតុ​ទាំង​នោះ​មាន​ចំនួន​ខ្ពស់​ជាង​នេះ​ខ្លាំង​ ដោយ​សារតែ​ហេតុការណ៍ជា​ច្រើន​មិន​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​នោះ​ឡើយ។​

ដោយ​ឡែក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​ជនជាតិ​ជ្វីហ្វអូស្ត្រាលី​វិញ​ បាន​កត់​ត្រាពី​ឧប្បត្តិហេតុ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ​ចំនួន​២២១​ករណី​រវាង​ពី​ថ្ងៃ​ទី​៨ ខែ​តុលា​ ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​កន្លង​ទៅ។ ​ពី​ថ្ងៃ​ទី១​ ខែ​តុលា​ ដល់​ថ្ងៃ​ទី​៧​ ខែ​តុលា​ ដែល​ជា​ថ្ងៃ​ដែល​ពួក​ហាម៉ាស់​ធ្វើ​ការ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែលនោះ​ ​មាន​ឧប្បត្តិហេតុ​មួយ​ករណី​កើត​ឡើង។

ហេតុការណ៍​ទាំង​នោះ​រួម​មាន​ការ​គំរាមកំហែងដោយ​អាវុធ​ ការ​គំរាម​កំហែង​លើ​ព្រះវិហារ​សាសនា​អ៊ិស្លាម​ ព្រះវិហារ​សាសនាជ្វីហ្វ​ ការ​គំរាម​កំហែង​លើ​សាលារៀន​មូស្លីម​ និង​សាលារៀន​ជ្វីហ្វ​ ក៏​ដូច​ជា​ការ​ធ្វើ​ឱ្យ​ខូចខាត​ដល់ទ្រព្យសម្បត្តិ​ និង​ការ​គំរាម​កំហែងផ្ទាល់​មាត់​ផង​ដែរ។​ ការ​វាយដំ​លើ​រាងកាយក៏​ត្រូវ​បាន​រាយការណ៍​ឱ្យ​ដឹង​ផង​ដែរ។

ក្នុង​ទីក្រុង​កង់បេរ៉ា​ ក្រុម​សមាជិក​រដ្ឋសភា​អូស្ត្រាលី​ដែល​មាន​ដើម​កំណើតជ្វីហ្វ​បាន​និយាយ​ថា​ ហេតុការណ៍​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ មាន​ការ​ឡើង​ខ្ពស់​នៅក្នុង​ប្រទេស​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​ប៉ាឡេស្ទីន​ក្នុង​ទ្រង់ទ្រាយ​ធំក្នុង​ប្រទេស​អូស្ត្រាលី​ ក៏​ដូចជា​មាន​ការ​ជួប​ប្រជុំ​ក្រុម​អ្នកគាំទ្រ​ខាងអ៊ីស្រាអែល​ផង​ដែរ។​ ​

នៅ​ក្បែរ​រោង​មហោស្រព​ល្ខោន​អូប៉េរ៉ាទីក្រុង​ស៊ីដនី​ (Sydney Opera House) ​កាលពី​ខែ​តុលា​កន្លង​ទៅ​ ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ដែល​គាំទ្រ​ប៉ាឡេស្ទីន​ ​ត្រូវ​បាន​គេថត​ពី​សកម្មភាព​ស្រែក​ច្រៀងក្នុង​ខ្លឹមសារ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ។

សមាជិក​រដ្ឋ​សភាអូស្ត្រាលី​នៃ​គណបក្ស​សេរីភាព (Liberal Party) ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​សភា​តំណាង​រាស្ត្រ​អូស្ត្រាលី លោក​ Julian Leeser និង​ជា​មេដឹកនាំ​សហគមន៍​ជនជាតិ​ជ្វីហ្វដ៏​សំខាន់​មួយ​រូប​ បាន​ប្រាប់​វិទ្យុ​អូស្ត្រាលីកាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ថា​ ​ការ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ​មាន​ការ​កើន​ឡើង​ជា​ខ្លាំង។​

លោក​ថ្លែងថា៖ «ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលីមាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ជាពិសេស​សហគមន៍​ជនជាតិ​ជ្វីហ្វ ដោយ​សារ​តែ​មាន​ការ​ធ្វើ​បាតុកម្ម​ជាច្រើនដែល​យើង​បាន​ឃើញ​ ដូច​ជា​ក្នុង​ព្រឹត្តិការណ៍​នៅ​ជិត​រោង​មហោស្រព​ល្ខោន​អូប៉េរ៉ា​ ដោយ​យើង​បាន​ឃើញ​គេស្រែក​ពាក្យ​ថា «ដុត​ពួកជ្វីហ្វ»​ ជា​ដើម។ ពិត​ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ប្រឆាំង​តវ៉ា​ ដើម្បី​ផ្លាស់​ប្តូរ​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​ ប៉ុន្តែគេ​មិន​ត្រូវ​ប្រើ​សិទ្ធិ​ហួស​រហូត​ដល់ការ​បំភិតបំភ័យ​អ្នក​ដទៃ​នោះ​ឡើយ ដែល​ខ្ញុំ​គិត​ថា​ នោះ​ជា​រឿង​ខុស​ឆ្គងមួយ»។​

ក្នុង​ខែ​តុលា​កន្លង​ទៅ​ រដ្ឋមន្ត្រី​អូស្ត្រាលី​ពីរ​រូបបាន​និយាយ​ថា​ អ៊ីស្រាអែលយក​ពលរដ្ឋ​ស៊ីវិល​ក្នុង​តំបន់​ហ្កាហ្សា​ធ្វើ​ជាការ​សងសឹក​រួម​ ទៅ​នឹងអំពើ​យង់ឃ្នង​ដែល​ពួក​ហាម៉ាស់​បាន​ធ្វើ​លើ​អ៊ីស្រាអែល។ ​

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្មអូស្ត្រាលីលោក ​Ed Husic និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កុមារអ្នក​ស្រី​ Anne Aly ជា​សមាជិក​គណៈរដ្ឋមន្ត្រី​អូស្ត្រាលី​តែ​ពីរ​នាក់​គត់ ដែល​មាន​ដើមកំណើត​មូស្លីម។​ ​

ថ្លែង​ទៅ​កាន់​រដ្ឋភា​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក​ Anthony Albanese ​បាន​បញ្ជាក់​ឡើង​វិញពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​លោកចំពោះ​ប្រទេស​អ៊ីស្រាអែល។​

លោក​ថ្លែងថា៖ «ដូច​យើង​ធ្លាប់​បាន​និយាយដ៏​ច្បាស់​លាស់​រួច​មក​ហើយ​ថា​ អ៊ីស្រាអែល​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន។​ យើង​ក៏ធ្លាប់​បាន​និយាយ​ផង​ដែរ​ថា​ អ្វី​ដែល​សំខាន់​នោះ​ គឺ​យើង​ត្រូវចែក​ឱ្យ​ដាច់រវាង​ពួក​ហាម៉ាស់​និង​ពលរដ្ឋប៉ា​ឡេស្ទីន។​ យើង​បាននិយាយរឿង​នេះ​ ​ដូច​គ្នាដោយ​មិន​កែ​ប្រែ​នោះ​ឡើយ»។

មេដឹកនាំ​ប្រឆាំង​នៃ​គណបក្ស​អភិរក្ស​និយម​អូស្ត្រាលី​ លោក​ Peter Dutton បាន​ចោទ​ជា​សំណួរ​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​អូស្ត្រាលី ​ជុំវិញ​ការ​កើន​ឡើង​នៃសកម្មភាព​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ជ្វីហ្វនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​ ​លោក Dutton បាន​ប្រាប់​រដ្ឋសភា​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី Anthony Albanese​ បាន​ខកខាន​ក្នុង​ការ​ការពារ​សហគមន៍​ជនជាតិ​ជ្វីហ្វ​ ជុំវិញ​ការ​កើន​ឡើង​សកម្មភាព​ប្រឆាំង​នឹង​សហគមន៍​នេះ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​ ​លោក Albanese​ បាន​ទាត់​ចោល​នូវ​ការ​លើក​ឡើង​នេះ​ ដោយ​និយាយ​ថា​ លោក​នឹង​បន្ត​ការពារប្រឆាំង​នឹង​ការ​ស្អប់ខ្ពើមទៅ​លើក្រុម​ជនជាតិ​ជ្វីហ្វ។​

​ជនជាតិ​ជ្វីហ្វក្នុង​ប្រទេស​អូស្ត្រាលី​មាន​ចំនួន​ប្រមាណ​ ០,៤​ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ទាំង​អស់​របស់​អូស្ត្រាលី​ ខណៈ​ដែល​ជនជាតិ​មូស្លីម​ក្នុង​ប្រទេស​នេះ​ មាន​ចំនួន​ប្រមាណ​ ៣,២​ភាគរយ។​ នេះ​បើ​យោង​ទៅ​លើតួលេខ​នៃការិយាល័យ​ស្ថិតិ​អូស្ត្រាលី។ ​

ប្រទេស​អូស្រ្តាលី​មានទំនាក់ទំនង​ការទូត​ជា​មួយ​ប្រទេស​អ៊ីស្រាអែល​តាំង​ពី​ឆ្នាំ​ ១៩៤៩​ មក​ ហើយ​បាន​តាំង​ចិត្តគាំទ្រ​លើ​ដំណោះស្រាយ​មួយ​សម្រាប់​រដ្ឋពីរ​ ដែល​ក្នុង​នោះអ៊ីស្រាអែល​និង​អនាគតរដ្ឋ​ប៉ាឡេស្ទីន​មួយ​ អាចកើត​ឡើង​និងរស់នៅ​ក្បែរ​គ្នា​ ដោយ​មាន​ព្រំ​ប្រទល់​ដែលអន្តរជាតិ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ៕