Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិក និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិកាផ្នែកថាមពលបរមាណូហើយ

Admin Alynana | Nov 17, 2023
សហរដ្ឋអាមេរិក និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិកាផ្នែកថាមពលបរមាណូហើយ
Clinic narith

សាន់ ហ្រ្វាន់ស៊ីស្កូ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយហ្វីលីពីន ដែលនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការវិនិយោគរបស់អាមេរិក ផ្នែកថាមពលបរមាណូនៅក្នុងប្រទេសមួយ ដែលកំពុងពង្រីកការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ខ្លួន។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស បានអញ្ជើញជាអធិបតីភាព នៅពេលដែលរដ្ឋមន្ត្រីថាមពលរបស់គាត់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ។

ថ្លែងនាឱកាសនោះ លោក ម៉ាកូស បានគូសបញ្ជាក់ថា ថាមពលនុយក្លេអ៊ែរក្លាយជាផ្នែកនៃល្បាយថាមពលហ្វីលីពីននៅឆ្នាំ២០៣២ និងថា ថាមពលនុយក្លេអ៊ែរក៏ជាចំណុចសំខាន់មួយ ដែលអាចបង្ហាញថា សម្ព័ន្ធភាព និងភាពជាដៃគូរវាងហ្វីលីពីន-អាមេរិក ពិតជាបម្រើដល់ផលប្រយោជន៍ប្រជាជន សេដ្ឋកិច្ច និងបរិស្ថានរបស់យើង។

ប្រធានាធិបតីហ្វីលីពីនរូបនេះបន្ថែមថា លោកកំពុងបំពេញតាមការសន្យាពីមុន ក្នុងការកសាងការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសជាតិទាំងមូល ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់យើង។កិច្ចព្រមព្រៀងនេះក៏បានកំណត់ដែរថា ហ្វីលីពីននឹងមិនប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីបង្វែរទៅផលិតអាវុធនុយក្លេអ៊ែរឡើយ។

គួរបញ្ជាក់ថា ហ្វីលីពីនបានចំណាយយ៉ាងច្រើនលើការផ្គត់ផ្គង់ថាមពល ហើយប្រឈមមុខនឹងវិបត្តិដែលកំពុងកើតឡើង ខណៈដែលទីតាំងផលិតឧស្ម័ន Malampaya ដែលផ្គត់ផ្គង់ថាមពលប្រហែល ៤០ភាគរយដល់ប្រជុំកោះលូហ្សូន ត្រូវបានគេរំពឹងថា នឹងរីងស្ងួតក្នុងរយៈពេលពីរបីឆ្នាំទៀត។ជាផ្នែកមួយនៃគោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុរបស់ខ្លួន ហ្វីលីពីនក៏មានគោលបំណងប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយមិនរាប់បញ្ចូលថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើតថាមពល ៣៥ភាគរយនៅឆ្នាំ២០៣០ និង៥០ ភាគរយនៅឆ្នាំ២០៤០៕

ប្រភព៖ AFP