សមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនក្រុមជនសងស្ស័យជនជាតិចិនពាក់ពន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ក្នុងទិសដៅដើម្បីជំរិតទារប្រាក់ ទៅតុលាការចំនួន៣៣នាក់ ក្នុងនោះមានជនជាតិចិនដីគោក៣១នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់។ ដោយឡែកចំពោះខ្មែរចំនួន៨នាក់ ត្រូវបានសមត្តកិច្ចអនុញ្ញាតិឲ្យទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករស៊ីឈ្នួលដាំបាយ និងជូតផ្ទះឲ្យជនជាតិចិនមួយក្រុមនោះ។
សំណុំរឿងខាងលើនេះបានដល់ដៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរហើយ ប៉ុន្តែដំណើរការស៊ើបសួរនៅដំណាក់កាលអយ្យការមិនអាចធ្វើឡើងមួយថ្ងៃចប់ទេ យ៉ាងហោចណាស់ក៏អាច២ទៅ៣ថ្ងៃដែរ ដូច្នេះពេលនេះក៏នៅមិនទាន់បានដឹងពីជោគវាសនានៃក្រុមជនសង្ស័យទាំងអស់ ត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬក៏មានសំណាងរួចផុតពីការចោទប្រកាន់នោះដែរ ។
គួររំលឹកថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនសមត្តកិច្ចគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សចំនួន៤១នាក់ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ និងបើកល្បែងស៊ីសងអនឡាញដោយខុសច្បាប់។ ការចុះបង្ក្រាបនោះ គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ជាជនជាតិវៀតណាម ដែលចេះនិយាយភាសាខ្មែរដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនមួយក្រុមចាប់បង្ខាំង និងជម្រិតទារប្រាក់ចំនួន២៥០០ដុល្លារអាមេរិក ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនទាំងអស់នោះ បែជាចាប់ប្អូន ប្រុសគាត់(ដើមបណ្តឹង)បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំងជម្រិតទារប្រាក់ទៅវិញ។
បងស្រីជនរងគ្រោះប្រាប់សមត្តកិច្ចថា ប្អូនប្រុសរបស់គាត់បានផ្ញើសារតាមរយៈទូរស័ព្ទបញ្ជាក់ ពីទីតាំងដែលក្រុមជន សង្ស័យចាប់យកទៅបង្ខាំងជម្រិតទារប្រាក់នោះ ទើបគាត់បានទៅរាយការណ៍ និងប្តឹងសមត្តកិច្ចឲ្យជួយអន្តរាគមន៍ និងរំដោះប្អូនប្រុសគាត់ពីកណ្តាប់ដៃជនឧក្រិដ្ឋដល់ទីតាំងនោះ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្តកិច្ចនគរបាល បានឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានអាគារកម្ពស់៣ជាន់ ឃាត់ខ្លួនមនុស្សចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន៣៣នាក់ស្រី ម្នាក់ ជនជាតិខ្មែរចំនួន៨ នាក់ ។ ក្រោយប្រតិបត្តិការកម្លាំងសមត្តកិច្ចបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមាន រថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង រថយន្តម៉ាកធន់ត្រា មួយគ្រឿង រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង រថយន្ត ម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរសព្ទដៃចំនួន១៧គ្រឿង និងម៉ូតូ០២គ្រឿង ។
បន្ទាប់មកជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្តកិច្ចនាំកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕