Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រុស្ស៊ី-ចិនព្យាយាមធ្វើពាណិជ្ជកម្មដោយស្ទើរតែគ្មានវត្តមានប្រាក់ដុល្លារ

Admin Alynana | Nov 21, 2023
រុស្ស៊ី-ចិនព្យាយាមធ្វើពាណិជ្ជកម្មដោយស្ទើរតែគ្មានវត្តមានប្រាក់ដុល្លារ
Clinic narith
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Andrey Belousov បាននិយាយថា ៩៥ភាគរយនៃពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបច្ចុប្បន្នធ្វើឡើងជាប្រាក់រូប្លិ៍ និងប្រាក់យ័ន។
 
 
រូបិយប័ណ្ណនៃប្រទេសលោកខាងលិចកំពុងបាត់វត្តមានបន្តិចម្តងៗនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មរុស្ស៊ី-ចិន។ ចាប់តាំងពីលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីក្រោយសង្គ្រាមនៅអ៊ុយក្រែន ប្រទេសទាំងពីរនេះបានពន្លឿនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងជំនួសប្រាក់ដុល្លារ។ 
 
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិននៅទីក្រុងប៉េកាំងនាថ្ងៃទី២០ ខែវិច្ឆិកា លោក​ Andrey Belousov បានសង្កត់ធ្ងន់ថា ប្រហែល ៩៥ភាគរយនៃប្រតិបត្តិការរវាងភាគីទាំងពីរកំពុងត្រូវបានអនុវត្តជាប្រាក់រូប្លិ៍ និងប្រាក់យ័ន។ 
 
ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានលើកឡើងថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងលើសពី២០០ពាន់លានដុល្លារនៅឆ្នាំនេះ ហើយអាចឈានដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ នៅឆ្នាំ២០២២ ពាណិជ្ជកម្មរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានឈានដល់១៩០ពាន់លានដុល្លារ កើន២៩ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានបង្ខំឱ្យរុស្ស៊ីផ្លាស់ប្តូរពាណិជ្ជកម្មទៅទិសខាងកើត។
 
បើតាមលោក​ Belousov ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ីជាយូរមក ហើយទស្សនវិស័យវិនិយោគរវាងប្រទេសទាំងពីរកំពុងបន្តពង្រីក។ លោក​បាន​បន្ត​ថា ​គម្រោង​សហប្រតិបត្តិការ​វិនិយោគ​ថ្មី​កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​វិស័យ​អាទិភាព​ជា​ច្រើន​ដូច​ជា​រថយន្ត ការ​ជីក​យក​រ៉ែ ឧស្ម័ន កសិកម្ម ភស្តុភារ និង​ព័ត៌មានវិទ្យា។
 
ក្រោយវិបត្តិអ៊ុយក្រែន ក្រុមហ៊ុន​ចិន​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​បន្ទាប់​ពី​អាជីវកម្ម​លោក​ខាង​លិច​ដក​ខ្លួន​ចេញ​ពី​រុស្ស៊ី​។ លោក Belousov សង្កេតឃើញថា ការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិច បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ដៃគូចិនជ្រៀតចូលវិស័យជាច្រើនដូចជា ប្រេង និងឧស្ម័ន គីមីឥន្ធនៈ ការផលិតគ្រឿងបន្លាស់រថយន្ត ក៏ដូចជាទំនិញប្រើប្រាស់ កញ្ចក់ សម្ភារៈសំណង់។
 
បច្ចុប្បន្ន រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ផលិតផលថាមពលដ៏សំខាន់ដល់ចិន ដូចជាប្រេង និងឧស្ម័ន ក៏ដូចជាផលិតផលកសិកម្ម។ ​ចិន​បាននាំ​ចេញ​ទំនិញ​ស្ទើរ​តែ​ទាំង​អស់​ទៅកាន់រុស្ស៊ីរាប់ចាប់​ពី​អាហារ គ្រឿង​ម៉ាស៊ីន ទូរសព្ទ​ដៃ របស់​ក្មេង​លេង និង​សម្លៀក​បំពាក់៕