Alynana Media Cambodia
Icon Collap
clinic narit

ចរន្តអតិផរណានៅអឺរ៉ុប និងអាម៉េរិកកំពុងធ្លាក់ចុះ តើអត្រាការប្រាក់អាចទម្លាក់នៅឆ្នាំក្រោយទេ?

Admin Alynana | Nov 22, 2023
ចរន្តអតិផរណានៅអឺរ៉ុប និងអាម៉េរិកកំពុងធ្លាក់ចុះ តើអត្រាការប្រាក់អាចទម្លាក់នៅឆ្នាំក្រោយទេ?
Clinic narith

ចរន្តអតិផរណានៅអឺរ៉ុប និងអាម៉េរិកកំពុងធ្លាក់ចុះយ៉ាងលឿនជាងការព្យាករ។ ការនេះកំពុងជំរុញប្រទេសពិចារណាទម្លាក់អត្រាការប្រាក់នៅឆ្នាំក្រោយដោយធនាគារកណ្តាលអង់គ្លេស (BOE) រំពឹងចាប់ផ្តើមកាត់បន្ថយនៅក្នុងខែឧសភា ខណៈធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារកណ្តាលអឺរ៉ុប (ECB) នៅក្នុងខែមិថុនា។

នៅខែតុលាឆ្នាំនេះ អត្រាកំណើនតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះក្រោម៥ភាគរយនៅអង់គ្លេស និងក្រោម៣ភាគរយនៅអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ។ ការនេះបានបង្កើនការរំពឹងទុកថា ធនាគារកណ្តាលអាចនឹងបញ្ចប់ការដំឡើងអត្រាការប្រាក់របស់ពួកគេ ហើយអាចកាត់បន្ថយអត្រាការប្រាក់បន្តិចម្តងៗនៅឆ្នាំ២០២៤។ 
 
មូលហេតុជារួមដែលនាំឲ្យអតិផរណាកើនខ្ពស់ មកពីការរាលដាលជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី - អ៊ុយក្រែន។ កត្តាទាំងនេះបានរំខានដល់ច្រវាក់ផ្គត់ផ្គង់ កាត់បន្ថយចំនួនមនុស្សក្នុងកម្លាំងពលកម្ម និងជំរុញឱ្យតម្លៃថាមពលកើនឡើង ជាពិសេសនៅអឺរ៉ុប។ នៅពេលបញ្ហាទាំងអស់នេះធូរស្រាល អតិផរណាក៏ចាប់ផ្តើមធ្លាក់ចុះមកវិញ។ 
 
ទន្ទឹមនេះ កញ្ចប់ទឹកប្រាក់ជំរុញទឹកចិត្តរបស់រដ្ឋាភិបាលអាម៉េរិករាប់ពាន់លានដុល្លារ និងការសន្សំប្រាក់របស់ប្រជាជនក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក៏បានជំរុញអតិផរណាកើនឡើងផងដែរ។ 
 
សូម្បីតែប្រទេសដែលមានអតិផរណាខ្ពស់មិនងាយធ្លាក់ចុះដូចជាអង់គ្លេស ក៏ចាប់ផ្តើមធ្លាក់ចុះដែរ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែតុលាបានកើនឡើង ៤,៦ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន ដែលជាកំណើនទាបបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២១។  មុនពេលទិន្នន័យនេះត្រូវបានចេញផ្សាយ អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ថា CPI ក្នុងខែតុលារបស់អង់គ្លេសនឹងកើនឡើងដល់​ ៤,៨ភាគរយ។
 
ចំណែកនៅអាម៉េរិកសន្ទស្សន៍ CPI ខែតុលាបានកើន ៣,២ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុនដែលជាការកើនឡើងទាបជាងការព្យាករ។ អតិផរណា​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ក្នុង​ខែ​តុលា​មានត្រឹម​២,៩ភាគរយ ធ្លាក់ចុះ​ពី​៤,៣ភាគរយ​កាលពី​ខែ​កញ្ញា​។ នេះបើយោងតាមកាសែត The Wall Street Journal ។
 
ការធ្លាក់ចុះតម្លៃទំនិញប្រើប្រាស់ បានបញ្ចុះបញ្ចូលអ្នកបង្កើតគោលនយោបាយអឺរ៉ុបមួយចំនួនគិតថា ពួកគេបានបន្ទាបអតិផរណាដោយជោគជ័យ ដោយប្រើពេលខ្លីជាងងទសវត្សរ៍ឆ្នាំ ១៩៧០ ពេលដែលអឺរ៉ុបធ្លាក់ចូលទៅក្នុងស្ថានភាពអតិផរណាស្រដៀងគ្នា។
 
លោក Bruno Le Maire រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង​បាន​ថ្លែង​​ពី​ពេល​ថ្មីៗនេះ​​ថា៖ «យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​គេច​ចេញ​ពី​វិបត្តិ​អតិផរណា។ ក្នុងរយៈពេលតិចជាង ២ឆ្នាំ អឺរ៉ុបនឹងគ្រប់គ្រងអតិផរណា ដែលជាបញ្ហាដែលបានដាក់សម្ពាធលើប្រជាជនដែលមានលក្ខខណ្ឌសេដ្ឋកិច្ចមិនសូវល្អ »។
 
សម្រាប់វិនិយោគិនមើលឃើញពីលទ្ធភាពបញ្ចុះអត្រាការប្រាក់ ជាងអ្នកបង្កើតគោលនយោបាយរូបិយវត្ថុទៅទៀត។ ទិន្នន័យពីឧបករណ៍ FedWatch របស់ក្រុមហ៊ុនហិរញ្ញវត្ថុ CME បង្ហាញថា ពាណិជ្ជករភាគច្រើនជឿជាក់ថា ធនាគារកណ្តាលអាម៉េរិក (Fed) នឹងមិនដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំខែធ្នូទេ ហើយបន្តរក្សាអត្រាការប្រាក់ចន្លោះពី ៥,២៥ភាគរយទៅ៥,៥ភាគរយនាពេលបច្ចុប្បន្ន។ ចំណែកបណ្តាធនាគារកណ្តាលនៅអឺរ៉ុបក៏ដូចគ្នា អាចបញ្ចុះអត្រាការប្រាក់ចាប់ពីឆ្នាំ ២០២៤​។ 
 
សេដ្ឋវិទូនៅធនាគារ Morgan Stanley បានព្យាករថា ធនាគារកណ្តាលអង់គ្លេស (BOE) នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែឧសភា បន្ទាប់មក Fed និងធនាគារកណ្តាលអឺរ៉ុប (ECB) នៅក្នុងខែមិថុនាឆ្នាំក្រោយ។ លោក Michael Saunders អតីតមន្ត្រីនៅធនាគារ BOE ដែលបច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Oxford Economics បានលើកឡើងថា ៖« យើងព្យាករថា អតិផរណា និងអត្រាការប្រាក់នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២៤ នៅក្នុងប្រទេសអភិវឌ្ឍន៍»។
 
ទោះបីជាបញ្ហាពិភពលោកដែលបានរៀបរាប់ខាងលើជាមូលហេតុចម្បងនៃការកើនអតិផរណាយ៉ាងខ្លាំងកាលពីឆ្នាំមុនបានធូរស្រាលខ្លះៗ ក៏បញ្ហាផ្ទៃក្នុងប្រទេសនីមួយៗអាចមានឥទ្ធិពលខ្លាំងជាង ស្របពេលធនាគារកណ្តាលប្រទេសធំៗទាំងនេះ ចង់នាំយកអតិផរណាទៅកាន់គោលដៅក្រោម២ភាគរយ ។
 
នៅអាម៉េរិក អតិផរណាកំពុងធ្លាក់ចុះដោយសារការថយចុះនៃអ្នកប្រើប្រាស់ និងកំណើនការងារ ខណៈទីផ្សារការងារ និងការចំណាយរបស់អាម៉េរិកនៅតែរក្សាស្ថិរភាព។ ការពិតនេះនាំឱ្យមានការព្យាករថា ការកើនឡើងតម្លៃនៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនឹងបន្តថយចុះ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចនឹងមិនកើតឡើងនោះទេ។
 
សម្រាប់​អឺរ៉ុប បរិយាកាស​សេដ្ឋកិច្ចរាង​ពិបាក​ជាង​នៅ​អាម៉េរិក។ តំបន់នេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនចំពោះកំណើន រាប់ចាប់ពីការធ្លាក់ចុះនៃពាណិជ្ជកម្មសកលរហូតដល់ការធ្លាក់ចុះសេដ្ឋកិច្ចចិនដែលជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតនៅអឺរ៉ុប និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកំណត់ការចំណាយសាធារណៈ។ 
 
លើសពីនេះ ប្រជាជននៅអឺរ៉ុបមានការប្រុងប្រយ័ត្នជាងនៅអាម៉េរិកក្នុងការចំណាយប្រាក់សន្សំពេលជំងឺកូវីដ-១៩។ ទាំងអស់នេះអាចបណ្តាលឱ្យសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះកាន់តែលឿន ហើយអតិផរណានៅអឺរ៉ុបថយចុះលឿនជាងនៅអាម៉េរិក ដែលនាំឱ្យ ECB ទម្លាក់អត្រាការប្រាក់មុន Fed ។
 
ទោះបីជាការរំពឹងទុករបស់ធនាគារកណ្តាលអាម៉េរិក និងអឺរ៉ុបអាចកាត់បន្ថយអត្រាការប្រាក់កាន់តែច្បាស់មែនពិត ក៏អ្នកជំនាញយល់ថា វាពិបាកសម្រាប់នាំយកអត្រាការប្រាក់ទាបបំផុតមកវិញដូចមុនពេលជំងឺកូវីដ-១៩។ មូលហេតុនៅទីនេះគឺភាពតានតឹងភូមិសាស្ត្រនយោបាយ និងសម្ពាធប្រជាសាស្រ្ត។ ចំណែកភាពយ៉ាប់យ៉ឺននៃទំនាក់ទំនងរវាងចិនជាមួយលោកខាងលិចរំពឹងថា នឹងជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើង ខណៈដែលអាជីវកម្មមួយចំនួនត្រូវបានផ្លាស់ប្តូរផលិតកម្មចេញពីចិន៕