Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសជប៉ុនមិននៅស្ងៀមទៀតឡើយ ប្រកាសទប់ទល់នឹងហានិភ័យនៃគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង

Admin Alynana | Nov 22, 2023
ប្រទេសជប៉ុនមិននៅស្ងៀមទៀតឡើយ ប្រកាសទប់ទល់នឹងហានិភ័យនៃគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង
Clinic narith

នាយករដ្ឋមន្ត្រីជប៉ុនថ្លែងថាកងទ័ពរបស់លោកបានត្រៀមខ្លួនទប់ទល់នឹងហានិភ័យដែលអាចកើតមានឡើងដោយសារគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង។ ថ្វីដ្បិតប្រទេសនេះបានជូនដំណឹងទៅប្រទេសជប៉ុនរួចហើយអំពីគម្រោងបាញ់ផ្កាយរណបនេះ ប៉ុន្តែលោកគីស៊ីដាក់យល់ថាវាជាការរំលោភទៅលើសន្តិសុខជាតិរបស់ជប៉ុន។

កូរ៉េខាងជើងថ្លែងថាគម្រោងបាញ់បង្ហោះនេះអាចនឹងធ្វើឡើងចន្លោះថ្ងៃទី២២ ខែវិច្ឆិកា -ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ នាយករដ្ឋមន្ត្រីជប៉ុនយល់ថាបើកូរ៉េខាងជើងប្រើប្រាស់គ្រាប់មីស៊ីលបលលីស្ទីក (ballistic) ដើម្បីបាញ់បង្ហោះផ្កាយរណប មានន័យថាពួកគេរំលោភទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 

យោងតាមក្រុមឆ្មាំសមុទ្រជប៉ុន, កូរ៉េខាងជើងបានផ្ដល់សញ្ញាថាគ្រាប់រ៉ុកកែតអាចនឹងបាញ់បង្ហោះនៅលើសមុទ្រលឿង និងសមុទ្រចិនខាងកើត។ គិតទាំងលើកនេះទៀត កូរ៉េខាងជើងនឹងបាញ់សាកល្បងផ្កាយរណបចំនួន៣ដង។ ប្រទេសនេះបរាជ័យ២ដងរួចហើយ។

ប៉ុន្តែគេរង់ចាំមើលថាតើលើកទី៣នេះអាចនឹងជោគជ័យដែរឬទេបន្ទាប់ពីលោកគីមជុងអ៊ុនទៅជួបលោកពូទីននៅទីក្រុងវ៉្លាឌីវ៉ូស្តុក និងមានការសន្យាជួយជ្រោមជ្រែងខាងបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី។ ជាកិច្ចឆ្លើយតបចំពោះគម្រោងបាញ់ផ្កាយរណបលើកទី៣នេះ កងទ័ពជប៉ុនត្រៀមខែលការពារដែនអាកាសដើម្បីតាមបាញ់ទម្លាក់គ្រាប់មីស៊ីលដែលអាចនឹងហោះចូលទឹកដីរបស់ខ្លួន។

ប្រទេសជប៉ុននឹងសហការជាមួយសម្ព័ន្ធមិត្តដើម្បីជំរុញឲ្យកូរ៉េខាងជើងបោះបង់ចោលគម្រោងនេះ។ គួរកត់សម្គាល់ថាការប្រកាសពីគម្រោងបាញ់ផ្កាយរណបធ្វើឡើងបន្ទាប់ពីរបបក្រុងព្យុងប្រកាសថ្កោលទោសសហរដ្ឋអាមេរិកពីបទលក់មីស៊ីលទៅឲ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ព្យុងយ៉ាងចាត់ទុកថាទង្វើនេះនាំឲ្យភាពតានតឹង និងការរត់ប្រណាំងអាវុធនៅក្នុងតំបន់៕