កូរ៉េខាងជើងអះអាងថា ខ្លួនបានបង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យទៅក្នុងលំហ ដោយទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីបណ្ដាប្រទេសជិតខាង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា ផ្កាយរណបដែលមានឈ្មោះថា ម៉ាលលីកយ៉ុង-១ (Malligyong-1) បានចូលទៅក្នុងគន្លងគោចរយ៉ាងត្រឹមត្រូវ ដោយបន្ថែមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះនោះ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានរិះគន់ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះ ដែលបានហោះពីលើខេត្ត អូគីណាវ៉ា (Okinawa) របស់ប្រទេស និងឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ សេតវិមាន របស់អាមេរិក បានពិពណ៌នាជំហាននេះថាជាការរំលោភបំពានលើសេចក្ដីសម្រេចជាច្រើនរបស់អង្គការសហប្រជាជាតិ។
ការបាញ់បង្ហោះនេះបានកើតឡើងលឿនជាងការរំពឹងទុក ក្នុងរយៈពេលប្រាំបួនថ្ងៃ ដែលទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ប្រទេសជប៉ុន។ ទីភ្នាក់ងារសារព័ត៌មាន KCNA ដកស្រង់ពីទីភ្នាក់ងារអវកាសកូរ៉េខាងជើង បាននិយាយថា ទីតាំងបាញ់បង្ហោះ សូហែ (Sohae) នៅភាគពាយ័ព្យនៃប្រទេស ជិតព្រំដែនជាមួយប្រទេសចិន ត្រូវបានប្រើសម្រាប់ប្រតិបត្តិការនេះ។
ការអះអាងរបស់កូរ៉េខាងជើង ដែលថាខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យនេះនៅមិនទាន់ត្រូវបានគេផ្ទៀងផ្ទាត់នៅឡើយទេ។ ប្រសិនបើយាននេះត្រូវបានបញ្ជាក់ថាជាផ្កាយរណបចារកម្មនោះ វាគឺជាការប៉ុនប៉ងលើកទីបីរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះនៅឆ្នាំនេះ៕