Alynana Media Cambodia
Icon Collap
clinic narit

សម្តេចហ៊ុន ម៉ាណែត៖ កម្ពុជានៅតែរក្សាមហិច្ឆតា ក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

Media LNN | Nov 23, 2023
សម្តេចហ៊ុន ម៉ាណែត៖ កម្ពុជានៅតែរក្សាមហិច្ឆតា ក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន, ប្រទេសកម្ពុជា កសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ សម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈសកម្មភាពសំខាន់ៗចំនួន៥។

សកម្មភាពការងារសំខាន់ទាំង៥ ត្រូវបានសម្រេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលេចឱ្យដឹងដូចជា៖

១៖ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម
២៖ ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច,
៣៖ ការពង្រឹង និងស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ផ្លូវ ថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់, សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម
៤៖ ការបន្តអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព,
៥៖ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ សម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កាកំណើនឱ្យមានសមធម៌ និងបរិយាប័ន្ន។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើង នៅសណ្ឋាគារសុខា។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ជាលទ្ធផល កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ១០ដង ពីប្រមាណ ៣.១១ ប៊ីលានដុល្លារ នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩.៦០ ប៊ីលាន ដុល្លារនៅឆ្នាំ ២០២២។

សម្តេចបន្ថែមទៀថា ផ.ស.ស. សម្រាប់មនុស្សម្នាក់បានកើនឡើងរហូត ដល់៧ដង គឺពីប្រមាណ២៥៣ដុល្លារ ក្នុងឆ្នាំ ១៩៩៨ ដល់ប្រមាណ ១ ៧៨៤ ដុល្លារក្នុងឆ្នាំ ២០២២ អត្រាភាពក្រីក្រធ្លាក់ចុះនៅក្រោម១០% នៅមុនវិបត្តិជំងឺកូវីដ១៩ និងគម្លាតវិសមភាពសង្គមកាន់តែរួមតូច, រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បង លើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាង។

ទន្ទឹមនឹងការផ្សារភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវ៉ាក់តម្លៃ និងផ្គត់ផ្គង់ក្នុងតំបន់ និងសកល កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពនៃការធ្វើពិពិធកម្មទំនិញ និងទីផ្សារនាំចេញគួរឱ្យកត់សម្គាល់ ដោយប្រមាណជា ១/៣ នៃរចនាសម្ព័ន្ធទំនិញនាំចេញបាន ផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំង លើការនាំចេញផលិតផលកាត់ដេរ ដែលមានចំណែកប្រមាណ៩១% នាឆ្នាំ២០០០ មកត្រឹម៦២% នាឆ្នាំ២០២២ ខណៈដែលផលិតផលឧស្សហកម្មមិនមែនកាត់ដេរ បានបង្កើនការរួមចំណែករបស់ខ្លួន ក្នុងការនាំចេញសរុបពី ៩% មក៣៨%។ ជាមួយគ្នានេះ កម្ពុជាក៏បានពង្រីកទីផ្សារនាំចេញរបស់ខ្លួនបន្ថែម ទៅកាន់ប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ានបូក ៣ ដោយកាត់បន្ថយជាបណ្តើរៗ នូវការពឹងផ្អែកស្ទើរតែទាំងស្រុងទៅ លើទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា បានដាក់ចេញមហិច្ឆតារបស់ខ្លួន ក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ ដើម្បីប្រែក្លាយទៅប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នៃការប៉ះពាល់លើសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចបានថ្លែងបញ្ជាក់ទៀតថា ទោះបីកម្ពុជាបន្តរងនូវផលប៉ះទង្គិចវិបត្តិកូវិដ១៩ និងវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអភិវឌ្ឍន៍រយៈពេលវែងនោះទេ រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅ សម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕