Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩-២០២៣សម្រេចបានសមិទ្ធិផលចំនួន០៣ ខណៈ UNFPA Cambodia បើកផ្ដល់ហិរញ្ញប្បទាន ១១លានដុល្លារ

Admin Alynana | Nov 23, 2023
កម្ពុជាអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩-២០២៣សម្រេចបានសមិទ្ធិផលចំនួន០៣ ខណៈ UNFPA Cambodia បើកផ្ដល់ហិរញ្ញប្បទាន ១១លានដុល្លារ
Clinic narith

ភ្នំពេញ៖ កម្ពុជាបានអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩-២០២៣ សម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើលទ្ធផលចំនួន០៣ គឺ ១) សុខភាពផ្លូវភេទ និងការបន្តពូជ ២) ការអប់រំក្មេងជំទង់ និងយុវជន និង៣) ជីវភាពប្រជាជន ខណៈដែល UNFPA Cambodia បានបើកផ្ដល់ហិរញ្ញប្បទានប្រមាណ ១១លានដុល្លារ (ប្រហែល ២លានដុល្លារ/មួយឆ្នាំ) សម្រាប់អនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសឆ្នាំ២០១៩-២០២៣។

នៅទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាល, លោក​ អ៊ឹម សួរ អគ្គលេខាធិការរងនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និង លោកស្រី Sandra BernKlau តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា (UNFPA Cambodia) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៣ ក្នុងការអនុវត្តផែនការសកម្មភាពកម្មវិធីប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ (Country Programme Action Plan-CPAP) របស់ UNFPA Cambodia និងការកំណត់អាទិភាពសម្រាប់ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់សរុប ៧០រូប។

ទន្ទឹមនឹងនេះ UNFPA Cambodia សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានរៀបចំផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសថ្មីឆ្នាំ២០២៤-២០២៨ និងបានផ្ដល់សុពលភាពនាខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំ លោក​ អ៊ឹម សួរ​ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារឆ្នាំ២០២៣ នៃការអនុវត្ត ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ និងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា អាទិភាពការងារដែលបានកំណត់សម្រាប់ឆ្នាំ២០២៤ និងកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសថ្មី ឆ្នាំ២០២៤-២០២៨ នឹងពន្លឿនការសម្រេចបាននូវការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

លោកក៏បានកោតសរសើរពីកិច្ចប្រឹងប្រែងរបស់UNFPACambodia ក្នុងការសម្រេចបាននូវសមិទ្ធិផលជាទីមោទនៈកន្លងមក និងការសហការយ៉ាងជិតសិ្នទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។ 

លោកស្រី Sandra BernKlau បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ.ស.អ.ក/ក.អ.ក ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំឆ្នាំនេះ។ UNFPA Cambodia នឹងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា, ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា, ការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច និងការសម្រចបាននូវរបៀបវារៈឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕