Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិស័យដឹកជញ្ជូនផ្លូវអាកាសថៃចាប់ផ្តើមកម្រើកឡើងវិញ ជាមួយប្រាក់ចំណេញជិត២៥០លានដុល្លារ

Media LNN | Nov 23, 2023
វិស័យដឹកជញ្ជូនផ្លូវអាកាសថៃចាប់ផ្តើមកម្រើកឡើងវិញ ជាមួយប្រាក់ចំណេញជិត២៥០លានដុល្លារ
Clinic narith

ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិរបស់ថៃ បានប្រកាសពីការកត់ត្រាប្រាក់ចំណេញសុទ្ធឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងអំឡុងពេលរាតត្បាតនៃមេរោគកូវីដ១៩។ ជាមួយភាពល្អប្រសើរនៃការងើបឡើងវិញនេះ បានជួយឱ្យក្រុមហ៊ុននេះទទួលប្រាក់ចំណេញសុទ្ធជិត៩ពាន់លានបាត ឬប្រមាណជា២៥០លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២២ ក្រុមហ៊ុនបានខាតបង់ដល់ទៅជាង១១ពាន់លានបាត ឫប្រមាណជា៣១៥លានដុល្លារ។

លោក គីរ៉ាទី គិតម៉ាណាវាត់ (Kirati Kitmanawat) នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានថៃបានឲ្យដឹងថា អាកាសយានដ្ឋានចំនួន៦កន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខ្លួនបានបង្ហាញពីលទ្ធផលល្អប្រសើរនៅក្នុងឆ្នាំសារពើពន្ធ ដែលទើបនឹងបញ្ចប់ បន្ទាប់ពីស្ថានភាពក្រោយការរីករាលដាលដោយកូវីដ១៩ មានភាពប្រសើរឡើង ហើយវិស័យអាកាសចរណ៍ និងទេសចរណ៍បានចាប់ផ្តើមងើបឡើងវិញ។ អាកាសយានដ្ឋានធំៗទាំងនេះ រួមមាន អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដនមឿង ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត និងហាតយ៉ៃ។

បើតាមការគូសបញ្ជាក់របសថ្នាក់ដឹកនាំរូបនេះ នៅក្នុងសារពើពន្ធឆ្នាំ២០២៣ អាកាសយានដ្ឋានទាំង៦ទទួលបានជើងហោះហើរប្រមាណជា៦៤ម៉ឺនជើង កើនឡើងជាង៦២% ដោយមានអ្នកដំណើរសរុបជាង១០០លាននាក់កើនឡើងប្រមាណ១១៤%។ ប៉ុន្តែចំនួននៅមានកម្រិតទាបនៅឡើយបើធៀបនឹងតួលេខកាលពីឆ្នាំ២០១៩ ដែលមានអ្នកដំណើរ១២០លាននាក់។ យ៉ាងណាមិញផ្អែកតាមសន្ទុះនៃការកើនឡើងនេះ ថៃរំពឹងថា នឹងអាចទទួលបានអ្នកដំណើរប្រហាក់ប្រហែលនៅឆ្នាំ២០១៩ នៅក្នុងរង្វង់ឆ្នាំ២០២៤ ខាងមុខ។

ថ្នាក់ដឹកនាំរូបនេះអះអាងថា គម្រោងលើកលែងទិដ្ឋាការដែលរដ្ឋាភិបាលបានដាក់ចេញកន្លងមកបានជួយធ្វើឲ្យអាកាសយានដ្ឋានទទួល និងផ្តល់សេវាកម្មដល់អ្នកដំណើរចិន កើនឡើងពី ១ម៉ឺន៣ពាន់នាក់ទៅ១ម៉ឺន៦ពាន់នាក់ ហើយឥណ្ឌាវិញកើនឡើងពី៥ពាន់នាក់ទៅ៦ពាន់នាក់ ចំណែកតៃវ៉ាន់វិញពី៣ពាន់នាក់ទៅ៤ពាន់៥រយនាក់នៅក្នុងមួយថ្ងៃ៕