ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។
ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ តួលេខដ៏ច្រើនសន្ធឹកនេះ បានបញ្ជាក់ពីភាពបន្ទាន់និងចាំបាច់សម្រាប់ការអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាអគារនៅសល់មិនទាន់សាងសង់រួច។
បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានគម្រោងចំនួន ២៩ (ស្នើនឹង ៥៣អគារ) គម្រោងកំពុងដំណើរការសាងសង់ មានគម្រោងចំនួន ១៦១ (ស្នើនឹង ១៧៧អគារ) បានបញ្ចប់ ប៉ុន្តែមិនដំណើរការ។ មានគម្រោងចំនួន ៣៤១ (ស្នើនឹង ៣៦៤ អគារ) ផ្អាកការសាងសង់ និងគម្រោងចំនួន ៤៣៤(ស្មើនឹង ៤៧៥អគារ) ជាគម្រោងបានសាងសង់រួច និងបានដាក់ដំណើរការ។ ព័ត៌មាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនាពេលថ្មីៗនេះ ស្តីពី “វិធានការដោះស្រាយគម្រោងវិនិយោគដែលនៅទ្រឹងក្នុងខេត្តព្រះសីហនុ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ក្នុងការដោះស្រាយបញ្ហាជាប្រព័ន្ធនេះ រដ្ឋាភិបាលកំពុងវាយតម្លៃករណីនីមួយៗ និងផ្តល់ការគាំទ្រតាមគោលដៅ ដើម្បីធានាបាននូវដំណោះស្រាយដ៏ទូលំទូលាយមួយ។ “វិធានការជាកញ្ចប់នៃការលើកទឹកចិត្តសម្រាប់អគារមិនទាន់បញ្ចប់ទាំងនេះ ដែលបានដាក់ឱ្យប្រើប្រាស់ក្នុងខែមីនា រួមមានទាំងវិធានការផ្តល់អត្ថប្រយោជន៍ដល់អ្នកចង់មកវិនិយោគលើអគារទាំងនេះឡើងវិញ ទាំងផ្នែកពន្ធដារ និងមិនមែនពន្ធដារ។ សម្រាប់ក្រុមហ៊ុនណាដែលចង់វិនិយោគលើអគារទាំងនេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ មានវិសាលភាពលើកលែងពន្ធលើការចុះបញ្ជីសម្រាប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យរវាងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ការលើកលែងពន្ធកាត់ទុក សម្រាប់ការជួលអចលនទ្រព្យរយៈពេល ៣ ទៅ ៥ ឆ្នាំ។ ការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល០៩ឆ្នាំ និងការលើកលែងពន្ធអប្បបរមាសម្រាប់រយៈពេល០៩ឆ្នាំ។ ចំណែកឯ ការលើកទឹកចិត្តមិនមែនពន្ធដារ មានដូចជាការលើកលែងចំពោះបញ្ហាកង្វះលិខិតអនុញ្ញាត បញ្ហារចនាសម្ព័ន្ធសំខាន់ៗ និងបញ្ហាប្រឈមនៃតម្រូវការទីផ្សារជាដើម” នេះបើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងអំឡុងពេលទស្សនកិច្ចជាមួយគណៈប្រតិភូធុរកិច្ចរបស់ AmCham Cambodia ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងចុះផ្សាយដោយ Cambodia Investment Review កាលពីថ្ងៃទី ២១ ខែវិច្ឆិកា។
លោកអភិបាលរងបានបន្ថែមថា “គោលបំណងនៃវិធានការលើកទឹកចិត្តទាំងនេះគឺដើម្បីទាក់ទាញការវិនិយោគថ្មី ជៀសវាងការរុះរើ ឬការបោះបង់ចោលគម្រោងដែលមិនទាន់បានបញ្ចប់ទាំងនេះ”។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ពីផែនការសកម្មបន្ទាប់ ដោយបង្ហាញឱ្យដឹងថា អគារដែលមិនទាន់សាងសង់ប្រមាណ ៤០០ ត្រូវបានគេកំណត់ថាជាគោលដៅវិនិយោគដ៏មានសក្ដានុពល ដែលការវិនិយោគលើអគារនីមួយៗមានការលើកទឹកចិត្តជាច្រើនដើម្បីជំរុញឱ្យបញ្ចប់ការសាងសង់។
លោកអភិបាលរងក៏បានបន្ថែមថា “វិធីសាស្រ្តប្រកបដោយចក្ខុវិស័យនេះ មានគោលបំណងបង្កើនកម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធទំនើប និងទីតាំងយុទ្ធសាស្ត្ររបស់ខេត្តព្រះសីហនុឡើងវិញ ដើម្បីប្រែក្លាយខេត្តនេះជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារដ៏សំខាន់នៅក្នុងអាស៊ាន”៕