អតិផរណានៅក្នុងប្រទេសទួរគីនៅតែឡើងកម្ដៅហើយគិតត្រឹមពេលនេះអតិផរណារបស់ប្រទេសនេះបានបន្តកើនឡើងដល់ជាង៦០% ដែលជាធ្វើឲ្យប្រជាជនទួរគីមួយចំនួនធំរស់នៅសឹងតែស៊ីអត់ស៊ីឃ្លានដោយសារតែម្ហូបអាហារឡើងថ្លៃកប់ពពក។
បើយោងតាមការចុះផ្សាយរបស់BBC បានឲ្យដឹងធនាគារកណ្ដាលរបស់ទួរគីបានសម្រេចដំឡើងការប្រាក់ចំនួន៥%បន្ថែមទៀតពី៣៥%ឡើងដល់៤០%គឺដើម្បីប្រឆាំនឹងអត្រាអតិផរណាដែលបន្តហក់ឡើងដល់៦១.៣៦% ហើយត្រូវបានគេព្យាករថានឹងបន្តឡើងពី៧០%ទៅ៧៥%ទៀតនៅអំឡុងខែឧសភាឆ្នាំ២០២៤ខាងមុខនេះ។
បន្ទាប់ពីអត្រាការប្រាក់Lira ទួរគីត្រូវបានដំឡើងគេសង្កេតឃើញថាប្រាក់Lira របស់ទួរគីត្រូវបានគេជួញដូរនៅតម្លៃ២៨.៧៦ធៀបនឹងប្រាក់ដុល្លារពោលគឺលុយរបស់ទួរគីចាប់ផ្ដើមខ្លាំងឡើងវិញបន្តិចបន្ទាប់ពីមានការដំឡើងការប្រាក់រហូតដល់ទៅ៤០%។
លោក Timothy Ash អ្នករៀបចំយុទសាស្រ្តទីផ្សារនៃក្រុមហ៊ុន BlueBay Asset Management បានលើកឡើងថាវាពិតជារឿងល្អដែលធនាគារកណ្ដាលរបស់ទួរគីបានចាប់អនុវត្តគោលនយោបាយហិរញ្ញវត្ថុបានលឿនលើសពីការរំពឹងទុកហើយធនាគារាកណ្ដាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងអតិរណាដែលកំពុងឡើងកម្ដៅ។
តាមពិតទៅធនាគារកណ្ដាលរបស់ទួរគីបានសម្រេចដំឡើងការប្រាក់គឺដើម្បីទប់ទល់នឹងអត្រាអតិផរណាដែលឡើងខ្ពស់ខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបញ្ហាអតិផរណានេះគឺជាបញ្ហាចោទមួយដល់ការរស់នៅរបស់ប្រជាជនទួរគី។ លុយLiraរបស់ទួរគីប្រាក់ធ្លាក់ចុះចំនួន៣៥%ធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលមួយឆ្នាំពេញហើយធ្លាក់ចុះរហូត៨០%ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕