ធនាគារកណ្តាលអ៊ឺរ៉ុបបានព្រមានថា ធនាគារនានានៅតំបន់ចាយប្រាក់អឺរ៉ូ ចាប់ផ្តើមបង្ហាញសញ្ញានៃភាពតានតឹងក្រោយប្រាក់កម្ចីមានការកើនឡើងខ្ពស់ ហើយប្រាក់សងត្រឡប់មានភាពយឺតយ៉ាវ។ ក្រៅពីនោះអ្នកជំនាញបានព្រមានថា បើទោះបីការកើនឡើងអត្រាការប្រាក់បានជួយបង្កើនប្រាក់ចំណេញខ្លះក្តី ប៉ុន្តែការបង្កើននោះទំនងជាកាត់បន្ថយតម្រូវការ និងបង្កើនហានិភ័យនៃបំណុលអាក្រក់នៅតំបន់នេះ។
ធនាគារកណ្តាលអឺរ៉ុប បានព្រមានថា បើទោះបីការកើនឡើងអត្រាការប្រាក់បានជួយបង្កើនប្រាក់ចំណេញដល់ធនាគារក៏ពិតមែន តែវាទំនងជាកំណត់ចំនួនតម្រូវការ និងបង្កើនហានិភ័យនៃបំណុលអាក្រក់នៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូ។ ធនាគារនេះបានព្រមានទៀតថា តារាងតុល្យការរបស់ធនាគារនៅតំបន់ចាយប្រាក់អឺរ៉ូមួយចំនួនកំពុងបង្ហាញនូវសញ្ញាដំបូងនៃភាពតានតឹង បន្ទាប់ពីការកើនឡើងនូវ អត្រាការប្រាក់ និងការខកខានការទូទាត់ប្រាក់កម្ចីដោយអតិថិជន។
បើតាមការអះអាងរបស់ធនាគារកណ្តាលអឺរ៉ុប អត្រាការប្រាក់កាន់តែខ្ពស់វាបានជួយជំរុញឱ្យប្រាក់ចំណូល និងប្រាក់ចំណេញរបស់វិស័យធនាគារនាពេលនេះមានការកើនឡើង ប៉ុន្តែធនាគារដែលជាម្ចាស់បំណុលទាំងនោះ កំពុងប្រឈមមុខនឹងសម្ពាធពីការចំណាយលើមូលនិធិខ្ពស់ និងស្ថានភាពនៃទ្រព្យសកម្មកាន់តែអាក្រក់។
ប្រភពដដែលក៏បានព្រមានផងដែរថា អត្រាការប្រាក់កាន់តែខ្ពស់ និងកំណើនយឺតកំពុងបង្កបញ្ហាដល់ប្រជាជន ក្រុមហ៊ុន និងរដ្ឋាភិបាលនៅក្នុងតំបន់ចាយលុយអឺរ៉ូ។ របាយការណ៍ត្រួតពិនិត្យដែលគេបានធ្វើនៅរៀងរាល់ពីរឆ្នាំម្តងរបស់ធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងថា ការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់ទំនងជានាំឱ្យធនាគារកំណត់ការប្រាក់បន្ថែមទៀត ដើម្បីរ៉ាប់រងបំណុលអាក្រក់ ដែលប៉ះពាល់ដល់ប្រាក់ចំណេញនាពេលអនាគត។
របាយការណ៍នោះបានលើកឡើងថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ បណ្តាធនាគារនានានៅក្នុងតំបន់នេះមិនទាន់អាចដោះស្រាយបញ្ហាការកើនឡើងនៃការទូទាត់យឺតយ៉ាវបាននៅឡើយទេ ហើយបញ្ហានេះវាអាចនឹងបង្កជាហានិភ័យនៅពេលខាងមុខ។
លោក ល្វីស ដឺ ឃ្វិនដូស (Luis de Guindos) អនុប្រធានធនាគារកណ្តាលអឺរ៉ុប បាននិយាយថា ភាពចលាចលរបស់អ្នកផ្តល់ប្រាក់កម្ចីជាច្រើននៅសហរដ្ឋអាម៉េរិក និងប្រទេសស្វីស រួមទាំងធនាគារ Silicon Valley និង Credit Suisse ដែលបានដួលរលំ ឥឡូវនេះបានធូរស្រាលហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុនៅអឺរ៉ុបនៅតែមានភាពស្រួចស្រាល់។
លោកបានអះអាងថា ស្ថានភាពនៃលក្ខខណ្ឌហិរញ្ញវត្ថុតឹងតែងដែលបង្កើតឡើងដោយការកើនឡើង អត្រាការប្រាក់របស់បណ្តាធនាគារនានា នៅក្នុងតំបន់គួរតែជួយធ្វើឱ្យអតិផរណាធ្លាក់ចុះដល់គោលដៅ ប៉ុន្តែធនាគារទាំងនោះខ្លះបានជំរុញឱ្យអ្នកខ្ចីទទួលបានឥណទានកាន់តែច្រើន រហូតដល់វាក្លាយជាសម្ពាធនៃបញ្ហាហិរញ្ញវត្ថុរបស់ពួកគេទៅវិញ៕