Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុណ្យអុំទូក នៅខេត្តសៀមរាប ទទួលបានភ្ញៀវជាង ៣០ម៉ឺននាក់ កើនឡើង ១០% ពីឆ្នាំ២០១៩

Admin Alynana | Nov 29, 2023
បុណ្យអុំទូក នៅខេត្តសៀមរាប ទទួលបានភ្ញៀវជាង ៣០ម៉ឺននាក់ កើនឡើង ១០% ពីឆ្នាំ២០១៩
Clinic narith

ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៣០៤ ២៦១នាក់ ដែលបានទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និងរមណីយដ្ឋាននានា។ ចំនួននេះ មានការកើនឡើង១០% ក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្រោយពីខេត្តសៀមរាបទទួលបាននូវសមទ្ធិផលធំៗ មានផ្លូវ ៣៨ខ្សែ និងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលកំពុងទាក់ទាញដល់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានលើពិភពលោក។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹងកាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកាថា ក្នុងថ្ងៃឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក និងមានការប្រកួតកីឡាគុនខ្មែរអន្តរជាតិ នៅខេត្តប្រវត្តិសាស្ត្រមួយនេះ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន និងបឹងទន្លេសាប។ មិនតែប៉ុណ្ណោះ ក៏មានរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

លោកបានបញ្ជាក់ថា ជាក់ស្តែង ក្នុងថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរ ដែលមកពី រាជធានី ខេត្ត ក្រុង ស្រុក មានចំនួនសរុប ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺមានចំនួន ២៧៦ ៥៩២នាក់ ក្នុងងនោះ ភ្ញៀវទេចរបរទេស ចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៩ មានចំនួន ២៦ ៥៩២នាក់ ។ 

ចំពោះភ្ញៀវទេសចរជាតិវិញ មានចំនួនប្រមាណ ២៩០ ០០០ នាក់កើនឡើងប្រមាណ ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ ០០០នាក់ ក្នុងនោះ ភ្ញៀវទេចរចូលទស្សនាអង្គរ ចំនួនប្រមាណ ១៤៧ ០០០ នាក់ ឧទ្យានជាតិភ្នំគូលែន ប្រមាណ៨ ០០០នាក់ នៅតាមដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ ០០០ នាក់  និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ ០០០នាក់ ។

ការរៀបចំឲ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិតស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្តពីសំណាក់អាជ្ញាធរជាតិអប្សរាផងដែរ  ៕