Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ភ្ញៀវទេសចរជាង១ម៉ឺននាក់ចាយថវិកាសរុបជិត៥០ម៉ឺនដុល្លារទិញបណ្ណទស្សនាអង្គរក្នុងពិធីបុណ្យអុំទូក៣ថ្ងៃ

Media LNN | Nov 29, 2023
ភ្ញៀវទេសចរជាង១ម៉ឺននាក់ចាយថវិកាសរុបជិត៥០ម៉ឺនដុល្លារទិញបណ្ណទស្សនាអង្គរក្នុងពិធីបុណ្យអុំទូក៣ថ្ងៃ
Clinic narith

(សៀមរាប)៖ សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ(ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានសរុបចំនួន ១០.៣៨០នាក់ គិតជាសាច់ប្រាក់សរុបមានចំនួន ៤៩០.២៦០ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។

លោក លី សែ បានលើកឡើងថា ក្នុងខែវិច្ឆិកានេះ ភ្ញៀវទេសចរចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរកើនជាង៣ពាន់នាក់ជាប្រចាំថ្ងៃ ខណៈក្នុងខែតុលា ជាមធ្យមទេសចរចូលទិញសំបុត្រទស្សនា រមណីយដ្ឋានអង្គរមានចន្លោះពី១ពាន់ទៅជាង២ពាន់នាក់។

លោកបញ្ជាក់ថា ក្នុងនោះ ភ្ញៀវទេសចរអឺរ៉ុបមានចំនួនច្រើនជាងគេ គឺក្នុងបរិមាណចន្លោះពី៦៥ភាគរយទៅ៧០ភាគរយ ហើយទេសចដែលឈរលំដាប់ទី១ដែលមកកម្សាន្តខេត្តសៀមរាបគឺអាម៉េរិក ទី២ អង់គ្លេស ទី៣បារាំង បន្ទាប់មកមានកូរ៉េ ជប៉ុន។ល។ ចំណែកទេសចរចិន ដែលធ្លាប់ឈរកំពូលតារាងមុនកូវីដ១៩ មានប្រមាណ៦ភាគរយប៉ុណ្ណោះ។ អគ្គនាយកគ្រឹះស្ថានអង្គរបានអះអាងថា ដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិនមិនទាន់ល្អប្រសើរ ទើបធ្វើឱ្យជនជាតិនេះមិនទាន់ចេញដើរច្រើន។

ក្រៅពីការទិញសំបុត្រដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងនោះស្ថាប័ននេះក៏សម្រួលដល់ទេសចរដើម្បីអាចទិញតាមប្រព័ន្ធឌីជីថលផងដែរ។ បច្ចុប្បន្នមានទេសចរប្រមាណ ១៥ភាគរយបានទិញតាមប្រព័ន្ធឌីជីថល ហើយក្នុងនោះគ្រឹះស្ថានអង្គរកំពុងពង្រឹងប្រព័ន្ធនេះឱ្យកាន់តែល្អប្រសើរ ដើម្បីជំរុញឱ្យមានការទិញបណ្ណពីចម្ងាយ ដែលអាចជួយកាត់បន្ថយការចំណាយពេលវេលាមួយផ្នែករបស់ភ្ញៀវទេសចរផងដែរ។ នេះជាការបញ្ជាក់របស់លោក លី សែ។

គួរបញ្ជាក់ថា សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ(ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣) នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរប្រមាណ ៣០៤.២០០នាក់ បានមកកម្សាន្តខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕