(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូក្នុងការផលិតថាមពលស្អាត ខណៈបច្ចុប្បន្នកម្ពុជាមានថាមពលស្អាតខ្ពស់ជាងប្រទេសសមាជិកអាស៊ានដទៃទៀត។
ថាមពលស្អាត ជាថាមពលកកើតឡើងវិញ មានដូចជាថាមពលបានមកពីកម្លាំងទឹក ពន្លឺព្រះអាទិត្យ និងកម្លាំងខ្យល់ជាដើម។ ពិភពលោកកំពុងរួមគ្នាដាក់ចេញគោលដៅផលិតថាមពលស្អាតឱ្យបានខ្ពស់ ដើម្បីជួយដល់បរិស្ថាន និងភពផែនដី។
បច្ចុប្បន្ននេះ កម្ពុជាមានថាមពលស្អាតរហូតដល់ទៅ៦២ភាគរយ និងមានមហិច្ឆតាផលិតថាមពលស្អាតឱ្យបានរហូតដល់ទៅ៧០ភាគរយនៅឆ្នាំ២០៣០។
ដើម្បីសម្រេចមហិច្ឆតានេះ ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយមួយចំនួនរួមមាន បញ្ឈប់ការបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្ម, មិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ, លុបគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង៧០០មេហ្កាវ៉ាត់ នៅតារាសាគរក្នុងខេត្តកោះកុងជាដើម។
ការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងចំពេលអង្គការសហប្រជាជាតិបើកកិច្ចប្រជុំកម្រិតខ្ពស់មួយស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។
លោក កែវ រតនៈ បានហៅការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាគំរូមួយសម្រាប់ពិភពលោក ពោលគ្រាដែលពិភពលោកកំពុងប្រជុំគ្នាស្តីពីបញ្ហាបរិស្ថាន និងការផលិតថាមពលស្អាត តែកម្ពុជាបានធ្វើសកម្មភាពជាក់ស្តែងទៅហើយ។
លោក កែវ រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ពេលពិភពលោកចង់ធ្វើថាមពលស្អាតឱ្យបានច្រើន កម្ពុជាកំពុងធ្វើជាក់ស្តែងនៅទីនេះ នេះជាការបញ្ជូនសារមួយ។ [...] ការប្តេជ្ញាចិត្តនេះ បង្ហាញឱ្យឃើញថា កម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនគ្រាន់តែចង់បានថាមពលគ្រប់គ្រាន់ ដើម្បីជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចង់ចូលរួមចំណែកទទួលខុសត្រូវខ្ពស់ជួយការពារផែនដីរបស់យើងផងដែរ»។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានលើកឡើងផងដែរថា ការបង្កើតថាមពលស្អាតមិនត្រឹមតែជួយដល់បរិស្ថាន និងភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកជួយទាក់ទាញការវិនិយោគនានាមកកាន់កម្ពុជាផងដែរ៕