យោងតាមមន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា បន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានផុតកំណត់ មនុស្សជាង១៨០នាក់ បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ខណៈកងកម្លាំងអ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់រយៈពេល១សប្តាហ៍ បានផុតកំណត់។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តំបន់ភាគខាងកើត Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ខណៈពេលវេលាកំណត់បទឈប់បាញ់បានកន្លងផុតភ្លាមៗបន្ទាប់ពីព្រឹកថ្ងៃសុក្រ ដោយមានផ្សែងហុយឡើងទៅលើអាកាស។
ពលរដ្ឋ បាននាំគ្នាឡើងទៅលើដងផ្លូវដោយមានរបស់របរដាក់លើរទេះ ស្វែងរកទីជម្រកឆ្ពោះទៅភាគខាងលិច។ ស៊ីរ៉ែន បានបន្លឺនៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ខណៈក្រុមសកម្មប្រយុទ្ធ បានបាញ់រ៉ុក្កែតចេញពីតំបន់ហ៊ុមព័ទ្ធឆ្នេរចូលទៅក្នុងទីក្រុង។
ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Tel Aviv ប៉ុន្តែពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ រងរបួស ឬការខូចខាតនៅទីនោះនៅឡើយ។ មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស១៨៤នាក់ របួសយ៉ាងតិច៥៨៩នាក់ និងបានបំផ្លាញលំនៅឋានជាង២០ខ្នង។
យោធាអ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណនៅលើទីក្រុងហ្កាហ្សា និងនៅផ្នែកភាគខាងត្បូងតំបន់ហ៊ុមព័ទ្ធកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យជនស៊ីវិលភៀសខ្លួនចេញ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បានព្រមានម្តងហើយម្តងទៀតថា គ្មានកន្លែងសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្កាហ្សា។
អង្គការគ្រូពេទ្យគ្មានព្រំដែន ជាអង្គការក្រៅរដ្ឋាភិបាល បាននិយាយនៅលើបណ្តាញ X ថា ជនស៊ីវិលត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនទៅភាគខាងត្បូង ប៉ុន្តែគ្មានកន្លែងណានៅក្នុងតំបន់ហ្កាហ្សា Gaza មានសុវត្ថិភាពនោះទេ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខ ហើយការប្រយុទ្ធនៅបន្ត ដោយបានអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែល លុបចោលបទបញ្ជា៕