Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាម៉េរិកនឹងដាក់កម្រិតលើក្រុមហ៊ុនចិន និងគ្រឿងបន្លាស់ថ្មមិនឱ្យបានឥណទានពន្ធរថយន្តអគ្គិសនី

Media LNN | Dec 05, 2023
សហរដ្ឋអាម៉េរិកនឹងដាក់កម្រិតលើក្រុមហ៊ុនចិន និងគ្រឿងបន្លាស់ថ្មមិនឱ្យបានឥណទានពន្ធរថយន្តអគ្គិសនី
Clinic narith

រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានចេញសេចក្តីណែនាំដែលគេបានរង់ចាំជាយូរមកហើយថា អាម៉េរិកនឹងដាក់កំហិតក្រុមហ៊ុនចិនមួយចំនួនសម្រាប់សិទ្ធិទទួលបានឥណទានពន្ធរថយន្តអគ្គិសនី ដែលចាប់ផ្តើមចូលជាធរមាននៅឆ្នាំក្រោយនេះប៉ុន្តែនឹងលើកលែងជាបណ្តោះអាសន្ននូវសារធាតុរ៉ែតាមដានសំខាន់ៗចេញពីច្បាប់ដ៏តឹងរឹងថ្មីមួយចំនួន ដែលបានរារាំងវត្ថុធាតុដើមពីចិន និងប្រទេសដទៃទៀត ដែលសហរដ្ឋអាម៉េរិកចាត់ទុកថា ជា«អង្គភាពបរទេសគួរឱ្យបារម្ភ»(FEOC)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជច្រើន។

ក្រសួងហិរញ្ញវត្ថុអាម៉េរិក បាននិយាយថា ច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងនៅក្រោមច្បាប់របស់អាម៉េរិកមួយដែលបានអនុម័តកាលពីខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងកាត់បន្ថយខ្សែច្រវាក់ផ្គត់ផ្គង់ថ្ម រថយន្តអគ្គិសនីរបស់អាម៉េរិកចេញឆ្ងាយពីប្រទេសចិន ហើយក្រុមហ៊ុនរថយន្តជាច្រើនកំពុងតាមឃ្លាំមើលយ៉ាងដិតដល់បំផុត ខណៈដែលពួកគេសម្រេចចិត្តវិនិយោគលើការផលិតថ្មរថយន្តអគ្គិសនីនាពេលអនាគត។

ច្បាប់ស្ដីពីអង្គភាពបរទេសគួរឱ្យបារម្ភនេះនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៤ សម្រាប់ផលិតកម្មថ្មរថយន្តអគ្គិសនីទាំងស្រុង ហើយច្បាប់ថ្មីនេះក៏នឹងចូលជាធរមាននៅឆ្នាំ២០២៥ សម្រាប់សារធាតុរ៉ែសំខាន់ៗដែលគេយកទៅប្រើសម្រាប់ផលិតកម្មថ្មនេះផងដែរ។

សម្ព័ន្ធសម្រាប់នវានុវត្តន៍យានយន្ត (Alliance for Automotive Innovation) ដែលតំណាងឱ្យក្រុមហ៊ុនរថយន្តធំៗស្ទើរតែទាំងអស់បាននិយាយថា ការសម្រេចចិត្តលើកលែងសម្ភារតាមដានសម្រាប់រយៈពេល២ឆ្នាំនេះ«មានសារសំខាន់ និងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ» ហើយបើសិនជាគ្មានច្បាប់នេះទេ វាអាចធ្វើឱ្យរថយន្តស្ទើរតែទាំងអស់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ។

ក្រសួងហិរញ្ញវត្ថុអាម៉េរិក បាននិយាយថា សម្ភារដែលត្រូវបានលើកលែងនៅក្នុងច្បាប់ថ្មីនេះគឺមានចំនួនតិចជាង២%នៃតម្លៃសារធាតុរ៉ែសំខាន់ៗសម្រាប់ថ្មរថយន្តអគ្គិសនី។ ក្រសួងថាមពលអាម៉េរិក បាននិយាយថា ក្រុមហ៊ុនណាមានការគ្រប់គ្រងដោយរដ្ឋាភិបាលបរទេសដូចជាចិន រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្រុមហ៊ុននោះត្រូវបានទុកថា ជាអង្គភាព FEOC ដូច្នេះហើយក្រុមហ៊ុនប្រភេទនេះនឹងមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍របស់អាម៉េរិកទេ។

សម្ព័ន្ធនវានុវត្តន៍យានយន្តបាននិយាយថា វាហាក់ដូចជាថា ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិនត្រូវបានចាត់ទុកថា ជាអង្គភាព FEOC ហើយថា ស្ថាប័នរបស់ចិនមួយចំនួនដែលមានកម្មសិទ្ធិជាក់លាក់ ឬរចនាសម្ព័ន្ធអភិបាលកិច្ចអាចនឹងត្រូវបានអនុញ្ញាតតាមកាលៈទេសៈជាក់លាក់មួយចំនួនតែប៉ុណ្ណោះ។

ប្រធានគណៈកម្មាធិការថាមពលព្រឹទ្ធសភាអាម៉េរិក លោក Joe Manchin បានរិះគន់ក្រសួងហិរញ្ញវត្ថុចំពោះការលើកលែងសម្ភាររ៉ែតាមដានសំខាន់ៗពីប្រទេសចិនបែបនេះ ហើយលោកបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឱ្យពីលទ្ធភាព«ដើម្បីផ្លាស់ប្តូរច្បាប់ដែលខុសច្បាប់ និងគួរឱ្យអាម៉ាស់មួយនេះដើម្បីការពារសន្តិសុខថាមពលរបស់អាម៉េរិក»៕