Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចក្រភពអង់គ្លេស នឹងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគ

Media LNN | Dec 12, 2023
ចក្រភពអង់គ្លេស នឹងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគ
Clinic narith

 

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេសបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការកំណត់ប្រភពហិរញ្ញប្បទាន និងការកៀរគរហិរញ្ញប្បទានគម្រោងពីវិស័យឯកជន, ព្រមទាំងសម្របសម្រួលទៅដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា ។ 

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាបានធ្វើឡើង នារសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយលោក មាស សុខសេនសាន
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា តំណាងឱ្យក្រសួងការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់និងអន្តរជាតិ  ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

លោក មាស សុខសេនសាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើសសរស្តម្ភគន្លឹះៗ ចំនួន ៥ ពោលគឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

ជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ និង នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានដាក់ឱ្យប្រើតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពី
ខែសីហា ឆ្នាំ២០២២ ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈនៅកម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស  ប្តេជ្ញាបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ និងជំរុញនូវការវិនិយោគពីចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជា ការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រាជាដើម ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃកម្ពុជា។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងបន្តកិច្ចសហការលើវិស័យអាទិភាព និងគម្រោងសក្តានុពលផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ផងដែរ៕