អ្នកជំនាញមកពីប្រទេសទាំង២ គឺចិន និងវៀតណាម បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាមពីសំណាក់ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជិនពីង) មានឥទ្ធិពលជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលនឹងរួមចំណែកជាវិជ្ជមានដល់ទិដ្ឋភាព ទាំងក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ដែលបានធ្វើឡើងពីថ្ងៃអង្គារ (ទី១២ ខែធ្នូ) ដល់ថ្ងៃពុធ (ទី១៣ ខែធ្នូ) ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតមួយនៅក្នុងទំនាក់ទំនងចិន-វៀតណាម ក្នុងឆ្នាំនេះ ហើយសម្រេចបាននូវភាពជោគជ័យយ៉ាងធំធេង។
លោក Zhai Kun សាស្ត្រាចារ្យនៅសាលាទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Peking University ក្នុងទីក្រុងប៉េកាំង បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ទទួលបានជោគជ័យ ដោយផ្តោតលើការសរុបលទ្ធផលកន្លងមក និងការស្នើផែនការថ្មី សម្រាប់ការអភិវឌ្ឍ នាពេលអនាគត ក្នុងទំនាក់ទំនងចិន-វៀតណាម។
លោក បានលើកឡើងថា៖ «ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងខ្លាំង។ នេះគឺជាដំណើរទស្សនកិច្ច ដែលយើងទាំងអស់គ្នាទន្ទឹងរង់ចាំចង់ឃើញ។ ទំនាក់ទំនងចិន-វៀតណាម បាននិងកំពុងអភិវឌ្ឍជាយូរមកហើយ ហើយសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យ។ យើងត្រូវតែសរុបលទ្ធផលការងារកន្លងមករបស់យើង ហើយ ជាពិសេស ដាក់ចេញនូវផែនការថ្មីមួយចំនួន សម្រាប់អ្វី ដែលយើងនឹងធ្វើនាពេលអនាគត»។
ចំណែកលោកស្រី Nguyen Thi Phuong Hoa អនុប្រធានវិទ្យាស្ថានវៀតណាមនៃសិក្សាចិនរបស់បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក៏បានលើកឡើងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ស៊ី នេះ ចំពោះទំនាក់ទំនងទ្វេភាគី នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ ជាមួយទូរទស្សន៍មជ្ឈិមចិន (CCTV)។
លោកស្រី Nguyen Thi Phuong Hoa បាននិយាយថា៖ «ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសវៀតណាមនេះ មានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ដោយផ្ទុយនឹងទិដ្ឋភាពនៃការផ្លាស់ប្តូរដ៏ស្មុគស្មាញ ទាំងនៅក្នុងតំបន់ និងពិភពលោក ដំណើរទស្សនកិច្ចបែបនេះ ជួយភាគីទាំង២ ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ និងនាំមកនូវអារម្មណ៍ទទួលបាន និងសុភមង្គល សម្រាប់ប្រជាជននៃប្រទេសទាំង២»៕