Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីរតនាគារអាម៉េរិកជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ

Media LNN | Dec 18, 2023
រដ្ឋមន្ត្រីរតនាគារអាម៉េរិកជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ
Clinic narith

រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី Janet Yellen បានជំរុញឱ្យមហាយក្សចិនងាកចេញពីគោលនយោបាយសេដ្ឋកិច្ច ដែលជំរុញដោយរដ្ឋ ព្រោះលោកស្រីយល់ថា គោលនយោបាយនេះអាចបំបាក់ទឹកចិត្តអ្នកវិនិយោគ។ ទោះជាយ៉ាងនេះក្ដី លោកស្រី ហាក់បានបន្ទន់ឥរិយាបថដោយលើកឡើងថា សហរដ្ឋអាម៉េរិក នឹងបន្តប្រឹងប្រែងរារាំងទប់ស្កាត់មិនឱ្យកើតមានភាពតានតឹងក្នុងទំនាក់ទំនងជាមួយមហាយក្សចិនឡើយនៅឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA។

នៅក្នុងពិធីលៀងសាយភោជន៍ដើម្បីអបអរខួបលើកទី៥០ នៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន បានលើកឡើងថា ការប្រើប្រាស់តួនាទីខ្លាំងពេករបស់រដ្ឋអំណាចចិន មកលើក្រុមហ៊ុន ឬសហគ្រាសអាម៉េរិក វាអាចរារាំងដល់ដំណើរការនិងកំណើនអាជីវកម្ម ហើយការប្រើតួនាទីលើសលប់ពេកសម្រាប់ការគ្រប់គ្រងសន្តិសុខ វាអាចរារាំងដល់ការវិនិយោគ។

ថ្នាក់ដឹកនាំរូបនេះបានអះអាងថា ក្រុមហ៊ុននានារបស់សហរដ្ឋអាម៉េរិក បានត្អូញត្អែរជាយូរមកហើយថា ពួកគេបានប្រឈមនឹងបរិយាកាសធុរកិច្ចមិនយុត្តិធម៌នៅក្នុងប្រទេសចិន ដោយអះអាងថា នៅទីនោះការការពារលើកម្មសិទ្ធិបញ្ញានៅមានកម្រិត និងមានការផ្តល់ការអនុគ្រោះដល់ដៃគូប្រកួតប្រជែងក្នុងស្រុកជាដើម។ ការព្រួយបារម្ភមានកាន់តែខ្លាំងឡើងនៅឆ្នាំនេះ ដោយសារការបង្រ្កាបលើក្រុមហ៊ុនប្រឹក្សាយោបល់នានារបស់សហរដ្ឋអាម៉េរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ ហើយទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងជំរុញឱ្យមានបរិយាកាសធុរកិច្ចយុត្តិធម៌ និងមានតម្លាភាពជាងមុន។

ដោយលើកឡើងពីការស្ទង់មតិកាលពីពេលថ្មីៗរបស់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-ចិន លោកស្រី ជេណេត យេឡេន(Janet Yellen) បានកត់សម្គាល់ថា ក្រុមហ៊ុននានាកំពុងពិចារណាឡើងវិញនូវផែនការវិនិយោគរបស់ពួកគេ ហើយថា កត្តានេះគឺជាក្ដីបារម្ភសម្រាប់ក្រុងប៉េកាំង។ នៅក្នុងការស្ទង់មតិក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនមួយចំនួនធំបានផ្ដល់សញ្ញារួចថា ពួកគេមានផែនការរើប្រតិបត្តិការមួយចំនួនចេញពីប្រទេសចិន ដែលច្រើនជាងឆ្នាំណាៗទាំងអស់ចាប់តាំងពីឆ្នាំ២០១៦ មក៕