បច្ចុប្បន្នគម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានប្រមាណ ៧៣%ហើយ គម្រោងនេះគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ននេះគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងប្រមាណជិត ២០០គីឡូម៉ែត្រសម្រេចបានប្រមាណ ៧៣%ហើយ គម្រោងនេះគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥។
ជាមួយគ្នានេះការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាលើកំណាត់ផ្លូវមួយខ្សែនេះក៏បានសាងសង់លេចចេញនូវសសរស្ពានហើយ។ ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ គឺឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៨ និង១២៩ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវ៉េកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ហើយគ្រោងចំណាយថវិកាអស់ប្រមាណជាង ២២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅភ្ជាប់ស្រុកវាលវែង-អូរសោម នៃខេត្តពោធិ៍សាត់ និងរហូតដល់ខេត្តកោះកុង ដែលសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ ឬហៅថា DBST មានសាងសង់ស្ពានចំនួន ២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
ផ្លូវជាតិលេខ១០នេះគ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕